ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យជាព្រះសង្ឃ ដែលយកកាំបិតបុ័ងតោកាប់ទៅលើនារីវ័យក្មេងម្នាក់ បណ្តាលអោយរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ ហឿន វាសនា អាយុ៣០ឆ្នាំ
ជាព្រះសង្ឃ ស្នាក់នៅកុដិបន្ទប់លេខ២២ ក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះមានឈ្មោះ សេង សេតម្ពរ (ហៅកែវ) អាយុប្រហែល១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបណ្តោះអាសន្នជាមួយជីដូន នៅក្នុងបរិវេណវត្តថាន់ ។
ជនសង្ស័យនិងនារីរងគ្រោះខាងលើមានទំនាក់ទំនងគ្នារយៈពេលជាង០២ឆ្នាំមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេងធ្វើអោយជនសង្ស័យប្រចណ្ឌរហូតដល់យកកាំបិតបុ័ងតោកាប់ទៅលើនារីរងគ្រោះ បំណងសម្លាប់ តែត្រូវបានប្រជាពលរដ្ឋឃើញ ជនសង្ស័យក៏រត់គេចនឹងបានយកទូរស័ព្ទមួយគ្រឿងម៉ាកអាយហ្វូន ពណ៌ស រត់គេចខ្លួនបាត់។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង០៦ និង២០នាទីព្រឹក លោកតាអាចារ្យម្នាក់ គាត់ឮសំឡេងប្រតាយប្រតប់គ្នានៅចំណុចផ្លូវក្បែរចេតិយ នឹងមានសំឡេងមនុស្សស្រីស្រែកអោយគេជួយ។ លុះបន្តិចក្រោយមកក៏លែងមានឮសំឡេង គាត់ក៏បានស្ទុះរត់ទៅមើលក៏ស្រាប់តែប្រទះឃើញនារីវ័យក្មេងខាងលើរបួសធ្ងន់ដេកក្នុងថ្លុកឈាម ដោយនៅខាងក្រោយក្បាលមានស្លាកស្នាមរបួសជាច្រើនកន្លែង និងផ្នែកខាងមុខមានស្នាមនៅលើចង្កានឹងមានស្នាមនៅលើបាតដៃផងដែរ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យនិងនារីរងគ្រោះខាងលើមានទំនាក់ទំនងគ្នារយៈពេលជាង០២ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែពេលថ្មីៗក្រោយនេះ នារីរងគ្រោះមានទំនាក់ទំនងជាមួយអ្នកផ្សេងធ្វើអោយជនសង្ស័យប្រចណ្ឌ រហូតដល់យកកាំបិតបុ័ងតោកាប់ទៅលើនារីរងគ្រោះ បំណងសម្លាប់ តែត្រូវបានប្រជាពលរដ្ឋឃើញ ជនសង្ស័យក៏រត់គេចនិងបានយកទូរស័ព្ទមួយគ្រឿងម៉ាកអាយហ្វូន ពណ៌ស រត់គេចខ្លួនតែម្តង ហើយជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង ០៦និង៣០នាទីល្ងាចថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ នៅច្រកព្រំដែនកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី៕ ដោយ រ៉ារ៉ា