ខេត្តត្បូងឃ្មុំ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ទាំងអស់មេត្តាជ្រាបថា៖ អធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស(ទៅវិញទៅមក) ដែលមានជនសង្ស័យចំនួន ០២ក្រុម សរុបចំនួន ០៨នាក់ ដោយក្រុមទី១ មាន ឈ្មោះ ម៉ាប់ ប៉យ ហៅ នី ភេទប្រុស អាយុ ២៣ឆ្នាំ និងប្អូនប្រុសឈ្មោះ ម៉ាប់ មេសា ភេទប្រុស អាយុ ១៧ឆ្នាំ ជិះម៉ូតូចំនួន ០១គ្រឿងដឹកគ្នា និងកាន់កាំបិតផ្គាក់ចំនួន ០១ដើម ទៅកាប់វាយគ្នាជាមួយក្រុមទី២ មាន ឈ្មោះ អូយ នាង ហៅ ឃឹម ភេទប្រុស អាយុ ២២ឆ្នាំ, ឈ្មោះ ទាង ភេទប្រុស អាយុប្រហែល ២២ឆ្នាំ, ឈ្មោះ យឿន ភីឆាន ភេទប្រុស អាយុ ១៦ឆ្នាំ, ឈ្មោះ ហ៊ន ពៅ ហៅ ធំ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ ថង សាឌី ភេទប្រុស អាយុ ២០ឆ្នាំ និង បក្ខពួក ប្រដាប់ដោយព្រនង់មែកកៅស៊ូ ហើយបានបណ្តាលឱ្យឈ្មោះ ម៉ាប់ ប៉យ រងរបួសបែកក្បាល, ឈ្មោះ ថង សាឌី រងរបួសរយះស្មាខាងឆ្វេង និងឈ្មោះ ហ៊ន ពៅ រងរបួសបាតដៃខាងឆ្វេង ព្រមទាំងខូចខាតម៉ូតូរបស់ឈ្មោះ ម៉ាប់ ប៉យ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ឈ្មោះ ម៉ាប់ ប៉យ, ឈ្មោះ ម៉ាប់ មេសា, ឈ្មោះ ថង សាឌី, ឈ្មោះ ហ៊ន ពៅ, និងឈ្មោះ យឿន ភីឆាន ។
បន្ទាប់ពីបានពិនិត្យភស្តុតាង កំណត់ហេតុ និងរបាយការណ៍ តាមនីតិវិធីច្បាប់រួច តំណាង អយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥៧២ អយ.ជ/២០២៤ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស(ទៅវិញទៅមក) ប្រព្រឹត្តនៅភូមិបុសចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ ចំណុចទី២ និងទី៣ នៃក្រមព្រហ្មទណ្ឌ៕ដោយ៖តារា