ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និង អ្នកផ្តល់សេវាកម្មទាំងអស់ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ក្រសួងបាន សហការជាមួយលេខាធិការដ្ឋាននៃពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំ និង ចូលរួម ពិព័រណ៍ចិន-អាស៊ាន លើកទី២១ (The 21st China-ASEAN Expo) ដែលនឹងប្រព្រឹត្តទៅពី ថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជា សមាជិកអាស៊ាន និងប្រទេសចិន។ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជានិងចិន ក្រសួង ពាណិជ្ជកម្មក្នុងនាមដៃគូសហការរៀបចំ សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាកម្មកម្ពុជា ដែលមានបំណងចង់ចូលរួមជាអ្នកទស្សនាពាណិជ្ជកម្ម (Trade Visitors) សូមរៀបចំដាក់ពាក្យចូលរួមចាប់ពី ថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ដោយមានការលើកទឹកចិត្ត និងទទួលបានពី គណៈកម្មការពិព័រណ៍ដូចជា៖
១. ការស្នាក់នៅសណ្ឋាគារដែលបានកំណត់ គូប៉ុងបរិភោគអាហារឥតគិតថ្លៃនៅកន្លែងតាំងពិព័រណ៍ និងរថយន្តដឹកជញ្ជូនទៅ-មកសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍CAEXPO។
២. ជំនួបពាណិជ្ជកម្ម-B2B ដើម្បីជួប និងពិភាក្សាជាមួយក្រុមហ៊ុនដៃគូសក្តានុពល (ផលិតផលគ្រឿង កែច្នៃ និងវេចខ្ចប់ម្ហូបអាហារ បច្ចេកវិទ្យាឌីជីថល និងផលិតផលកសិកម្ម ជាពិសេស ផលិតផល អេឡិចត្រូនិក-Energy Power Electronic Products)។
៣. ដំណើរទស្សនកិច្ចសួនឧស្សាហកម្ម និងសហគ្រាសនៅក្នុងតំបន់ស្វយ័តក្វាងស៊ី។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០១០ ៩៧១ ០០៧/០៩៧៧៥៥ ៥៥១ ឬអ៊ីម៉ែល៖ nemoeang@gmail.com /ritatong19@gmail.com៕
ដោយ៖ តារា