ព័ត៌មានទាន់ហេតុការណ៍៖

យោធាថៃស្ទាក់ចាប់បានបារី និងស្រាបៀរ ជាច្រើនប្រភេទ ខណៈឈ្មួញលួចនាំចេញពីកម្ពុជាតាមច្រករបៀងដោយខុសច្បាប់

ចែករំលែក៖

ប្រទេសថៃ៖ កម្លាំងយោធាថៃការពារព្រំដែន ស្ទាក់ចាប់បានទំនិញគេចពន្ធជាច្រើនប្រភេទ ពិសេសបារី និងស្រា ខណៈដែលមានជនមិនស្គាល់មុខមួយចំនួនបាននិងកំពុងលីសែងឆ្លងអូរតាមច្រករបៀងចូលដីថៃដោយខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបទំនិញខុសច្បាប់នេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខាងក្រោយផ្សារខៅឌីន ស្ថិតក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលនៅមិនឆ្ងាយពីច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងនោះឡើយ ។

យោងតាមប្រភពច្បាស់ការមួយបានបញ្ជាក់ថា ទំនិញទាំងនេះអាចចេញតាមច្រករបៀងជំនោរជាយដែន ស្ថិតនៅក្នុងភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែកន្លងមកគេឧស្សាហ៍សង្កេតឃើញមានថៅកែធំៗបានជួលឲ្យកម្មករ លីសែងទំនិញឆ្លងអូរចូលទៅក្នុងទឹកដីថៃ ព្រមទាំងមានរថយន្តថៃរង់ចាំទទួលនៅត្រើយម្ខាងផងដែរ។

សូមជម្រាបជូនថា នៅពេលដែលកម្លាំងយោធាការពារព្រំដែនថៃ បង្ហាញខ្លួនដើម្បីបង្ក្រាបទំនិញកិច្ចពន្ធទាំងនោះក៏ស្រាប់តែក្រុមកម្មករដែលកំពុងរីសែង បានទម្លាក់ឥវ៉ាន់ចោលហើយនាំគ្នារត់ត្រឡប់ក្រោយឆ្លងដែនចូលទៅក្នុងប្រទេសកម្ពុជាអស់តែម្ដង។

ក្រោយការត្រួតពិនិត្យទំនិញដែលរឹបអូសបាន គឺមានបារីចំនួន ៣២.០០០ កញ្ចប់ ស្រាបៀរ និងស្រាដបមានចំនួន ១.៩៤៤ ប្រភេទដែលទំនិញទាំងនេះក្រោយពីដកហូតបានកម្លាំងយកគេថៃ បានប្រគល់ទៅឲ្យតម្រួតស្រុកក្លងហាត និង បញ្ជូនបន្តទៅអង្គភាពគយប្រចាំខេត្តស្រះកែវដើម្បីរក្សាទុក និងស្រាវជ្រាវរកប្រភពដែលនៅពីក្រោយ និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕ដោយ៖តារា


ចែករំលែក៖