ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាប អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។
ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។
យ៉ាងណាមិញ ករណីនេះកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ចំណាត់ការបន្ដនឹងផ្សព្វផ្សាយជូនជាបន្ដបន្ទាប់។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមថ្លែងអំណរគុណចំពោះសាធារណៈ និងអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្ដល់កិច្ចសហការល្អក្នុងការផ្ដល់ព័ត៌មាន៕
ដោយ ៖ សិលា