ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺអុតស្វាបានឆ្លងដល់ប្រទេសថៃហើយ អាចជាប្រភេទបំប្លែងថ្មី

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា ថៃបានរាយការណ៍ពីការរកឃើញករណីជំងឺ mpox ឬអុតស្វា ហើយអាចជាប្រភេទបំប្លែងថ្មី បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នកម្រិតខ្ពស់សាជាថ្មី សម្រាប់ជំងឺនេះ។

ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ បានប្រាប់ថា អ្នកជំងឺខាងលើគឺជាជនជាតិអឺរ៉ុបម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសមួយនៅអាហ្រ្វិក។ រូបគេកំពុងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅឯមន្ទីរពេទ្យ ខណៈអាជ្ញាធរថៃកំពុងរង់ចាំលទ្ធផលធ្វើតេស្តពីមន្ទីរពិសោធន៍ ដើម្បីកំណត់ប្រភេទមេរោគថា តើវាជា mpox Clade 1 ឬក៏ Clade 1b។

មួយរយៈចុងក្រោយនេះ ជំងឺ mpox ប្រភេទបំប្លែងថ្មីគឺ Clade 1b បានជំរុញឱ្យមានការកើនឡើងខ្លាំងនូវការឆ្លងរីករាលដាលនៃជំងឺនេះនៅទ្វីបអាហ្រ្វិក រួមមានប្រទេសដូចជា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប៊ូរុនឌី កេនយ៉ា រ្វ៉ាន់ដា និងអ៊ូហ្កង់ដា ជាដើម។ បើតាម WHO mpox Clade 1b បង្កការស្លាប់ ក្នុងចំណោមប្រមាណ៣.៦ភាគរយ នៃករណីឆ្លងសរុប។

កាលពីសប្តាហ៍មុន ស៊ុយអែតបានរាយការណ៍ពីករណីឆ្លង mpox Clade 1b ដែលជាករណីដំបូងនៅក្រៅតំបន់អាហ្រ្វិក។ ក្នុងសប្តាហ៍ដដែលនោះ ប៉ាគីស្ថានក៏បានប្រកាសរកឃើញករណីជំងឺ mpox ដែរ ប៉ុន្តែមិនមែនជាប្រភេទបំប្លែងថ្មី Clade 1b ទេ៕ ដោយធីរីណា

រូបថតដោយ:AFP/TTXVN


ចែករំលែក៖