សារព័ត៌មាន AFP នាថ្ងៃពុធទី២១ ខែសីហា ឆ្នាំ២០២៤នេះបានផ្សាយថា លោកយាយ Maria Branyas Morera ដែលជាប់កំណត់ត្រាជា បុគ្គលមានវ័យចំណាស់ជាងគេបង្អស់លើលោក ទើបតែបានទទួលមរណភាព នៅអាយុ១១៧ឆ្នាំ។
គ្រួសាររបស់លោកយាយបានបង្ហោះដំណឹងមរណភាពខាងលើ តាមបណ្តាញទំនាក់ទំនងសង្គម X យ៉ាងដូច្នេះថា «Maria Branyas បានចាកចោលពួកយើងហើយ។ គាត់បានទទួលមរណភាពតាមអ្វីដែលគាត់សង្ឃឹមចង់បាន គឺអំឡុងពេលដំណេក ដោយស្ងប់ស្ងាត់ និងដោយគ្មានភាពឈឺចាប់អ្វីទាំងអស់។ ពួកយើងនឹងចងចាំគាត់ជានិច្ច សម្រាប់ដំបូន្មាននិងក្តីសប្បុរសរបស់គាត់»។
រយៈពេលប្រមាណ២ទសវត្សរ៍ចុងក្រោយមកនេះ លោកយាយ Branyas បានរស់នៅក្នុងមណ្ឌលថែទាំចាស់ជរា Santa Maria del Tura នៃក្រុង Olot នៅភាគឦសានប្រទេសអេស៉្បាញ។ លោកយាយ ត្រូវបានកំណត់ត្រាពិភពលោក Guinness World Records ទទួលស្គាល់ជាផ្លូវការថា ជាបុគ្គលចាស់ជាងគេបង្អស់ ដែលកំពុងនៅមានជីវិត កាលពីខែមករា ឆ្នាំ២០២៣ ក្រោយមរណភាពក្នុងវ័យ១១៨ឆ្នាំ របស់លោកយាយដូនជីបារាំង ឈ្មោះ Lucile Randon។
បន្ទាប់ពីមរណភាពរបស់លោកយាយ Branyas ឋានៈជាមនុស្សមានវ័យចំណាស់ជាងគេលើពិភពលោក ត្រូវគេរំពឹងថា នឹងធ្លាក់ទៅលើលោកយាយជនជាតិជប៉ុន ឈ្មោះ Tomiko Itooka ដែលកើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩០៨ ហើយសព្វថ្ងៃមានអាយុ១១៦ឆ្នាំ៕ ដោយធីរីណា