ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា ៖ រយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបាននូវបញ្ហាចម្រូងចម្រាសក្នុងសង្គមនាពេលបច្ចុប្បន្ន។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ៖ ក្រសួងក៏បាននិងកំពុងអនុវត្តនូវសមរភូមិ ៤ធំៗរួមមាន:
– សមរភូមិទី១៖ ការទ្រទ្រង់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធានាដំណើរការស្ថាប័ន កសាងជំនឿ និងទំនុកចិត្តលើការដឹកនាំរួម។
– សមរភូមិទី២៖ ការចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត ដើម្បីកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គមនាពេលបច្ចុប្បន្ន និងពង្រីកបន្ថែមចរន្តថវិកាជាតិ។
– សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណ:ទំនើប ដែលរួមមាន៖ ការពង្រឹងសមត្ថភាពមន្ត្រី ការលើកទឹកចិត្តមន្រ្តី ការពង្រឹងសមត្ថភាពស្ថាប័ន និងការរៀបចំបន្ថែមនូវសេចក្ដីព្រាងច្បាប់ផ្សេងៗ។
– សមរភូមិទី៤៖ ការរៀបចំដែនដី នគររូបនីយកម្មកម្ពុជាឱ្យក្លាយជាទឹកដីសុវណ្ណភូមិដូចជា ការរៀបចំទីក្រុង ទីប្រជុំជន បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជាដើម ៕
ដោយ ៖ សិលា