ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃស្តីពីផលប៉ះពាល់លើដំណាំស្រូវដោយការប្រេីប្រាស់ថ្នាំកសិកម្មខុសបច្ចេកទេសក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២១-២៣ ខែសីហា ឆ្នាំ២០២៤នេះ បានចុះពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់លើដំណាំស្រូវដោយសារការប្រេីប្រាស់ថ្នាំកសិកម្មមិនត្រឹមត្រូវតាមបច្ចេកទេស ក្នុង ខេត្តពោធិ៍សាត់ ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

− ផ្អែកលើស្ថានភាពពិនិត្យស្រែដោយផ្ទាល់ ក្រុមការងារអាចសន្និដ្ឋានបានថា ដំណាំស្រូវដែលមានសភាពលឿង គឺបណ្តាលមកពីការប្រើប្រាស់ថ្នាំ Paclobutrazol លើសកម្រិតណែនាំនាំ គួបផ្សំបញ្ហារអាកាសធាតុក្តៅខ្លាំងអូសបន្លាយនិងមិនមានភ្លៀងធា្លក់។ ជាទូទៅកម្រិតនៃការប្រើប្រាស់ថ្នាំ Paclobutrazol លើដំណាំស្រូវ គឺ ២០-២៥ក្រាម ក្នុងមួយធុង (២៥លីត្រ) ដោយបាញ់ចំនួន ៨-១០ធុងក្នុងមួយហិកតា ស្នើនឹង១៦០-២៥០ក្រាមក្នុងមួយហិកតា។ ប៉ុន្តែជាក់ស្តែងរបស់កសិករគឺ បានប្រើប្រាស់ក្នុង កម្រិត១០០០-១៥០០ក្រាមក្នុងមួយហិកតា គឺបានលើសកម្រិតនៃការណែនាំ ប្រើប្រាស់ យ៉ាងខ្លាំង។

− ផ្អែកទៅលើលក្ខណៈបច្ចេកទេសនៅពេលដែលប្រើថ្នាំ Paclobutrazol ច្រើនលើកម្រិត អាចបង្អាក់ការលូតលាស់ បង្កឱ្យគែមស្លឹកស្រូវលឿងហើយមានស្នាមអុចៗស្លឹក និងស្លឹកខ្លះមានសភាពក្រៀមស្ងួត។

− ដោយបច្ចុប្បន្ន ស្ថានភាពដំណាំស្រូវនៅក្នុងដំណាក់កាលពន្លូតដើម គឺមិនបង្កឱ្យមានការខូតខាតទាំងស្រុងនោះឡើយ គ្រាន់តែមានសភាពលឿង និងមានស្នាមអុចស្លឹក ហើយក្រុមការងារអាចវាយតម្លៃបានថា ដំណាំស្រូវដែលទទួលរងផលប៉ះពាល់នេះ នឹងអាចធ្វើឱ្យ បរិមាណទិន្នផលថយចុះបន្តិចបន្តួច។

− ទន្ទឹមនឹងនេះ ក្រុមការងារបានណែនាំដល់បងប្អូនប្រជាកសិករ មន្ត្រីកសិកម្មឃុំ/ស្រុក អំពីការប្រើប្រាស់ថ្នាំនិងជីកសិកម្មឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យមានប្រសិទ្ធភាព និងសុវត្តិភាព ហើយបានណែនាំដល់បងប្អូនប្រជាកសិករឱ្យប្រើប្រាស់ថ្នាំនិងជីកសិកម្មដែលបានចុះបញ្ជីការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ដោយ៖តារា


ចែករំលែក៖