ភ្នំពេញ ៖ «ភាពស្មោះត្រង់ គឺជាគន្លឹះតែមួយគត់ ដែលនាំឱ្យរដ្ឋមន្រ្តីក្រសួងបរិស្ថានទទួលបានភាពជោគជ័យទាំងក្នុងអាជីពការងារ និងជីវិតគ្រួសារ» សារលើកទឹកចិត្តពេញដោយបទពិសោធន៍ជីវិតរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើជូនដោយចំពោះសិស្សនិស្សិតអាហារូបករណ៍ចំនួន ៦៦រូប ដែលបានចូលជួបសម្តែងការគួរសម និងសុំមតិណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញ នៅទីស្តីការក្រសួងបរិស្ថាន។
ជាមួយនឹងពាក្យគន្លឹះ រួមនឹងការណែនាំនូវបទពិសោធន៍ជាក់ស្តែងក្នុងការសិក្សា នៅក្រៅប្រទេសរបស់លោករដ្ឋមន្រ្តី សិស្សនិស្សិតបានប្តេជ្ញាចិត្តយ៉ាងមុតមាំ នឹងនាំមកនូវលទ្ធផលជោគជ័យនៃការសិក្សាមកជូនប្រទេសកម្ពុជាវិញ ទន្ទឹមនឹងនេះដែរ និស្សិតអាហារូបករណ៍នឹងរួមចំណែកផ្សព្វផ្សាយអំពីប្រទេសកម្ពុជាឱ្យបរទេសបានដឹង បានស្គាល់ តាមរយៈភាពភាពស្អាត ភាពបៃតង ដែលក្រសួងបរិស្ថានបានកំពុងអនុវត្តយ៉ាងសកម្ម ស្របតាមយុទ្ធសាស្រ្តចបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។
សូមជម្រាបជូនថា និស្សិតអាហារូបករណ៍ចំនួន ៦៦រូប (ស្រី១៤រូប) ជានិស្សិតអាហារូបករណ៍ Erasmus+ AFD ប្រទេសបារាំង JDS ប្រទេសជប៉ុន និស្សិតអាហារូបករណ៍ប្រទេសកូរ៉េ ប្រទេសចិន និង និស្សិតអាហារូបករណ៍ប្រទេសហុងគ្រី៕
ដោយ ៖ សិលា