ព័ត៌មានទាន់ហេតុការណ៍៖

យកកាំបិតភ្ជុងប្លន់យកលុយពីជនរងគ្រោះគេចខ្លួនជិត១ខែសមត្ថកិច្ចស្រាវជ្រាវតាមចាប់មកវិញ

ចែករំលែក៖

ខេត្តតាកែវ៖ អធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះថា កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ដោយជាប់ពាក់ព័ន្ធករណី

កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីគម្រាមកំហែង (ដោយប្រើប្រាស់អាវុធ) ។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស សុខណេង ភេទប្រុស អាយុ ១៨ឆ្នាំ ដែលធ្វើសកម្មភាពយកកំបិតចុងមុតស្រួចចំនួន ០១ដើម ភ្ជុងសម្លុតគម្រាមកំហែងយកប្រាក់ពីជនរងគ្រោះឈ្មោះ ញ៉ែម រស្មី ភេទស្រី អាយុ ២៨ឆ្នាំមានទីលំនៅភូមិព្រហូត ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ។ បន្ទាប់ពីរត់គេចអស់រយៈពេល ២១ ថ្ងៃមកនេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទើបកំណត់ទីតាំងដែលជនសង្ស័យរត់គេចខ្លួនបានទៅស្នាក់នៅឯស្រុកកំណើតស្ថិតនៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន។

ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖