ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យស្ថានទូតនឹងបន្តសេវាផ្ដល់លិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េ ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ 

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹង ស្ដីពីការបន្តសេវាផ្ដល់លិខិតឆ្លងដែនធម្មតា ជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជ្រាបថា ដោយបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតនឹងបន្តសេវាផ្ដល់លិខិតឆ្លងដែនធម្មតានៅសាធារណរដ្ឋកូរ៉េ ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្ដាហ៍)។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ លេខ ០៥២ សជណចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ស្ថានទូតបានដាក់ឱ្យដំណើរការសេវាផ្តល់ លិខិតឆ្លងដែនធម្មតា ជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសា.កូរ៉េ ដើម្បី សម្រួលដល់ការលំបាក និងកាត់បន្ថយថ្លៃចំណាយផ្សេងៗ ដែលក្នុងជំហានដំបូង គិតចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដូចមានសេចក្តីជូនដំណឹងរបស់ស្ថានទូត ចុះថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសា.កូរ៉េ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេច មហាបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរនៅសា.កូរ៉េ ដែលក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានប្រកាសឱ្យបន្តការផ្តល់សេវាធ្វើលិខិត ឆ្លងដែនជូនពលរដ្ឋខ្មែរ រយៈពេល ០៣ ខែ បន្តទៀត គិតចាប់ពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៤ ដូចមានសេចក្តីជូនដំណឹងរបស់ស្ថានទូតចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤។

យោងតាមការវាយតម្លៃទៅលើចំនួននៃការដាក់ពាក្យស្នើសុំធ្វើលិខិតឆ្លងដែន របស់ពលរដ្ឋខ្មែរ នៅមិនទាន់សម្រេចបានទៅតាមចំនួនដែលបានរំពឹងទុកនៅឡើយ ស្របពេលដែលបងប្អូនពលរដ្ឋខ្មែរយើង នៅតែបន្តអញ្ជើញមកដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ ដូច្នេះ ស្ថានទូតក៏បានស្នើសុំគោលការណ៍ពីប្រមុខ រាជរដ្ឋាភិបាល ដើម្បីបន្តសេវាផ្តល់លិខិតឆ្លងដែននេះ មួយរយៈទៀត។

ក្នុងន័យនេះ ដោយបានទទួលគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសា.កូរ៉េ មានសេចក្តីសោមនស្ស រីករាយ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅសា.កូរ៉េ ជ្រាបថា ស្ថានទូតនឹងបន្តសេវាផ្តល់លិខិតឆ្លងដែនធម្មតានៅសា.កូរ៉េ ចំនួន ៦០ ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍)។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖