ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្នមានសក្តានុពលវិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានតំបន់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត ១០៥ កន្លែង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្នមានសក្តានុពលវិស័យទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានតំបន់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត ១០៥ កន្លែង, សណ្ឋាគារនិងរីសតន៍ ៨២កន្លែង ស្មើនឹង ១.៤៦៩បន្ទប់, ផ្ទះសំណាក់ ៥០កន្លែង ស្មើនឹង ៥៦៩បន្ទប់ និងភោជនីដ្ឋាន ៥១កន្លែង។ នេះជាការបង្ហោះលើផេកផ្លូវការ របស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ 

ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ ផ្លែផ្កាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍខេត្តភូមិភាគឦសាន របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើឱ្យមានការអភិវឌ្ឍរីកដុះដាលទាំងហេដ្ឋានរចនាសម្ព័ន្ធរូបវន្ត ការរៀបចំក្រុង ទីប្រជុំជន ទីជនបទ និងទីលម្ហែគ្រប់កម្រិត។

សូមបញ្ជាក់ថា ៖ វិស័យកសិកម្មនៅខេត្តទាំង៤ របស់កម្ពុជា នៃតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នៅឆ្នាំ២០២៣ វិស័យកសិកម្ម មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយកសិករបានអនុវត្តកសិកម្មទំនើប ព្រមជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនការវិនិយោគបាននាំឱ្យមានផលិតភាពខ្ពស់ និងទិន្នផលដំណាំកាន់តែប្រសើរ ជាពិសេសដំណាំស្រូវមានកំណើនកើនឡើងរហូតដល់ ៥០% បើប្រៀបធៀបក្នុងឆ្នាំ២០១៦។ វឌ្ឍនភាពយ៉ាងច្រើននៅក្នុងវិស័យកសិកម្ម បង្ហាញនូវភាពធន់នៃសេដ្ឋកិច្ច ការរក្សាបាននូវសន្តិសុខស្បៀង និងជាទ្រនាប់ការពារនៅនឹងកន្លែងយ៉ាងរឹងមាំ មិនអាចអ្នកណាឈ្លានពានបានឡើយ ព្រោះជាដីស្រែ ដីចំការ របស់ប្រជាជនដែលកំពុងប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងជាប្រចាំ៕

ដោយ ៖ សិលា


ចែករំលែក៖