ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូយ៉ាងលឿនដូចហោះស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿងដែលកំពុងតែបត់ឆ្លងឆ្លូវពេញទំហឹង បណ្ដាលឲ្យបោកក្បាលនិងរថយន្ត រួមនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ដោយបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោ៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីចោមចៅ (អតីតផ្លូវវេងស្រេង)កែងនិងផ្លូវឌួង ងៀប សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សពយុវជនរងគ្រោះមានឈ្មោះ សៅ  ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ម្តុំខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឯខេត្តតាកែវ។

      តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ យុវជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KF-2117 តាមបណ្ដោយផ្លូវចោមចៅ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដោយប្រញាប់ទៅដឹកបងស្រីទៅធ្វើការឲ្យទាន់ម៉ោង បែរជាអកុសលបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកអេសស្កាលេត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2V-2349 បើកបរទិសដៅពីលិចទៅកើតហើយបានបត់ឆ្លងផ្លូវមកឆ្វេងបម្រុងឆ្លងទៅផ្លូវឌួងងៀប ក៏ត្រូវបានយុវជនខាងលើជិះម៉ូតូបុកចំខាងស្តាំរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យបោកក្បាលនិងរថយន្ត និងថ្នល់ហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ 

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នដើម្បីដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះខាងលើ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖