ស្ថាបនិកនិងនាយកប្រតិបត្តិកម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។
លោក Durov ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរពី Azerbaijan ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ទាំងដែលលោកបានដឹងថា ភ្នាក់ងារប៉ូលិសបារាំងបាននិងកំពុងត្រៀមដើម្បីចាប់ខ្លួនលោក។ សារព័ត៌មានក្នុងស្រុកបារាំងជាច្រើនបានចេញផ្សាយថា លោក Durov ដែលជាម្ចាស់និងជានាយកប្រតិបត្តិ Telegram បានបរាជ័យក្នុងការសម្របសម្រួលវេទិកាមួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់សកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលបានរៀបចំ។
ប្រព័ន្ធផ្សព្វផ្សាយបារាំង TF1 និង BFM បានអះអាងថា ការស៉ើបអង្កេតនោះបានផ្តោតទៅលើបញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ Telegram ហើយប៉ូលិសបារាំងចាត់ទុកថា ស្ថានការណ៍បែបនេះ បានអនុញ្ញាតបណ្តោយឱ្យសកម្មភាពខុសច្បាប់ដូចជា ក្លែងបន្លំ ការជួញដូរ ប្រព្រឹត្តទៅទាំងគ្មានការកោតក្រែងនៅលើ Telegram។
បន្ទាប់ពីការចាប់ខ្លួន លោក Durov ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងតុលាការដើម្បីដោះស្រាយការចោទប្រកាន់នេះ។ ជំរុញការចាប់ខ្លួននេះផងដែរ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងមិនបានឆ្លើយបំភ្លឺថា ខ្លួនមានជាប់ពាក់ព័ន្ធ ឬអត់នោះទេ។
លោក Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK របស់រុស្ស៉ី ។
ព័ត៌មានលម្អិតជុំវិញការចាប់ខ្លួន CEO រូបនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែមានសេចក្តីរាយការណ៍ថា គាត់ត្រូវបានឃុំខ្លួនក្រោមដីការចាប់ខ្លួនរបស់អឺរ៉ុប ដែលប្តឹងដោយរុស្ស៊ី ហើយបានចោទប្រកាន់លើករណីផ្សេងៗជាច្រើន រួមទាំងការញុះញង់ឱ្យមានការស្អប់ខ្ពើម និងផ្សព្វផ្សាយសកម្មភាពខុសច្បាប់ តាមរយៈវេទិការ Telegram ។
លោក Durov ដែលទ្រព្យសម្បត្តិត្រូវទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថា មានចំនួនខ្ទង់១៥.៥ពាន់លានដុល្លារ ធ្លាប់និយាយថា រដ្ឋាភិបាលប្រទេសមួយចំនួន បានព្យាយាមដាក់សម្ពាធទៅលើរូបលោក ប៉ុន្តែលោកប្រកាន់ជំហរថាប្រព័ន្ធ Telegram ដែលឥឡូវនេះមានអ្នកប្រើប្រាស់ជាប្រចាំរហូតដល់៩០០លាននាក់ គួរតែបន្តបម្រើជា «វេទិកាអព្យាក្រឹតមួយ»៕ ដោយ៖ ធីរីណា
រូបថត៖ Mekongasean