ភ្នំពេញ៖ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត បានកាន់កាំបិតដេញកាប់គេផ្អើលពេញផ្លូវ រួចបានដើរចូលផ្ទះប្រជាពលរដ្ឋលក់ចាប់ហ៊ួយមួយកន្លែង ត្រូវបានបុរសដែលជាម្ចាស់ផ្ទះដកកាំភ្លើងខ្លីបាញ់បំបាក់ជើងទាំងសងខាងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវបេតុង ៥១BT ភូមិសន្សុំកុសល់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានកាន់កាំបិតស្រែកឡូឡាសំឡុតអ្នកធ្វើដំណើរឆ្លងកាត់ និងដេញកាប់អ្នកភូមិផ្អើលពេញផ្លូវ គ្មានអ្នកហ៊ានចូលឃាត់នោះទេ មួយសន្ទុះក្រោយមកក៏បានដើរចូលទៅក្នុងផ្ទះលក់ចាប់ហ៊ួយម៉ាក់ស្រីការ ដោយបានយកកាំបិតកាប់របស់របរក្នុងផ្ទះ ទើបធ្វើឲ្យបុរសដែលជាខ្មាន់កាំភ្លើង ហើយត្រូវបានគេស្គាល់ថា ជាមន្ត្រីរនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ផងនោះ បានដកកាំភ្លើងបាញ់សំឡុតចំនួន២គ្រាប់ឡើងទៅលើមេឃ តែបុរសដែលកាន់កាំបិតនោះមិនខ្លាចញញើត និងស្នូរកាំភ្លើងនោះឡើយ ទើបរូបគាត់ទ្រាំលែងបាន ដើម្បីការពារខ្លួននិងក្រុមគ្រួសាររបស់គាត់ដែលកំពុងនៅក្នុងផ្ទះ ក៏បានសម្រេចចិត្តបាញ់បំបាក់ជើងទាំងសងខាងចំនួន២គ្រាប់ទៀត បណ្តាលឲ្យបុរសដែលបែកថ្នាំរូបនោះ រងរបួសជើងធ្ងន់ដើរលែងរួច មួយសន្ទុះក្រោយមកក្រុមគ្រួសារសាច់ញាតិជនបែកថ្នាំបានយករថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យចុះមកពិនិត្យសំបកកាទុស្សនៅកន្លែងកើតហេតុនិងបាននាំខ្លួនបុរសដែលជាខ្មាន់កាំភ្លើងទៅកាន់ប៉ុស្តិ៍នគរបាលបឹងទំពុនទី១ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ