ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់ អេន មូន រីវើសាយ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកអគ្គលេខាធិការដ្ឋានរងអាស៊ាន លោក ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រី ដែលជាសមាជិកនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ប្រធាន និងសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន និង លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ 

ជាកិច្ចចាប់ផ្តើមលោកស្រីរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកចូលរួមទាំងដោយផ្ទាល់ និងតាមអនឡាញ ដែលលោកស្រីបានចាត់ទុកថា សន្និសីទនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការពិភាក្សាលើបញ្ហាដ៏សំខាន់ពាក់ព័ន្ធនឹងនវានុវត្តន៍ ចីរភាព និងការលើកកម្ពស់សិទ្ធិអំណាចអ្នកប្រើប្រាស់ នៅក្នុងតំបន់។ 

លោកស្រីរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គោលគំនិតនៃការការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ទោះបីជានៅមានភាពថ្មីនៅទ្បើយបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់ការយល់ដឹង ការរៀបចំច្បាប់និងបទប្បញ្ញត្តិឱ្យរឹងមាំ ក៏ដូចជាការអនុវត្តគំនិតផ្តួចផ្តើមការពារអ្នកប្រើប្រាស់ផ្សេងៗទៀត តាមរយៈក្រសួងពាណិជ្ជកម្ម ដែលក្នុងនោះបង្គោលចរសំខាន់ៗរួមមាន ការប្រកាស់ឱ្យប្រើប្រាស់ដោយជោគជ័យនូវច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងឆ្នាំ២០១៩។ 

ថ្លែងក្នុងកម្មវិធីបើក លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ អាស៊ាន បានដើរតួនាទីជាចំណុចបង្គោលក្នុងការអនុវត្ត និងតាមដានត្រួតពិនិត្យ កិច្ចរៀបចំនិងយន្តការក្នុងតំបន់នានា ក្នុងការជំរុញការការពារអ្នកប្រើប្រាស់នៅក្នុងសហគមន៍  សេដ្ឋកិច្ចអាស៊ាន ដោយធានាថា វិធានការការពារអ្នកប្រើប្រាស់ រួមទាំងច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយនានា បានរៀបចំទ្បើងនៅក្នុងបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ ដែលបង្កើនលទ្ធភាពទទួលបានព័ត៌មានរបស់អ្នកប្រើប្រាស់ និងយន្តការសម្រាប់ដោះស្រាយ  និងការពង្រឹងសមត្ថភាពស្ថាប័នផងដែរ ។

មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្រ្តី រំពឹងថាក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំសន្និសីទ កម្ពុជាសង្ឃឹមយ៉ាងមុតមាំនូវការផ្លាស់ប្តូរយ៉ាងផុស ផុលនូវគំនិត ចំណេះដឹង មេរៀនពិសោធន៍ និងជំនាញ និងសំណូមពរឲ្យមានការចូលរួមពិភាក្សាដោយស្មោះត្រង់និងដោយការស្ថាបនា ផ្តល់កិច្ចសហការ និងពង្រីកឥទ្ធិពលបន្ថែមទៀត។ 

គួរបញ្ជាក់ផងដែរថា គោលគំនិតសំខាន់នៃកិច្ចពិភាក្សារបស់ សន្និសីទស្ដីពី កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ គឺជាចំណុចនៃការស្វែងរកពីក្របខណ្ឌក្នុងការការពារអ្នកប្រើប្រាស់ដែលបានវិវត្តក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចបៃតង។ សន្និសីទនេះ បានប្រមូលផ្ដុំនូវនិយ័តករ និងពាណិជ្ជករទាំងអស់ មកជួបគ្នាដើម្បីពិភាក្សា ក្នុងការស្វែងរកបទបញ្ញត្តិក្នុងការធានាឲ្យមានសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ក្នុងបរិបទបច្ចេកវិទ្យាទំនើប និងកិច្ចការក្នុងការថែរក្សាបរិស្ថានផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖