ភ្នំពេញ៖ រថយន្តដឹកដែកមួយគ្រឿងបេីកបរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូហុងដាឌ្រីមជិះដោយបុរសជាអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ ជ្រុលទៅបុកបណ្តាលឲ្យរងរបួសធ្ងន់ ហេីយរថយន្ដព្យាយាមបេីករត់គេចត្រូវពលរដ្ឋឃេីញហេតុការណ៍ជួយដេញឃាត់បានមកវិញ ។
ហេតុការណ៍នេះដែរបានកេីតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ចំណុចស្តុបស្ថានទូតវៀតណាម ផ្លូវព្រះមុនីវង្សកែងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញរថយន្តប្រភេទកូរ៉េដឹកដែកមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3F5372 បេីកបរដោយបុរសម្នាក់ និងមានអ្នករួមដំណេីរ២នាក់ទៀតបានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ ៤៣៦ ទិសដៅពី កេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ ក៏បានឆ្លងកាត់ទទឹងផ្លូវ បញ្ឆិតឡេីងទៅផ្លូវ៤៣២ ហើយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែបុរសម្នាក់ជាអ្នកដឹកជញ្ជួនម្ហូបអាហារ របស់ក្រុមហ៊ុន Eget បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M 0333បានជិះបោះពួយតាមបណ្ដោយផ្លូវ ព្រះមុនីវង្សទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុុកនឹងរថយន្តចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទេចស្រុញផ្នែកខាងមុខ ព្រមទាំងធ្វើឲ្យអ្នកបើកម៉ូតូរងរបួសចុកឆ្អល់ និងរយះជេីងខាងឆ្វេង ត្រូវបានដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃភ្លាមៗផងដែរ។
ដោយឡែកខាងរថយន្តវិញ រងការខូចខាតកាងដែកចំហៀងខាងស្តាំ ហេីយភា្លមៗនោះអ្នកបេីកបរបានបេីករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចផ្លូវ១៦៣ជិតស្តុបទួលទំពូង ខណ្ឌបឹងកេងកង ក៏ពលរដ្ឋឃើញហេតុការណ៍ជួយដេញឃាត់បានទាំងរថយន្តនិងអ្នកបេីកបរ ប្រគល់អោយសមត្ថកិច្ចយកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែករង់ចាំប្រគល់អោយជំនាញចរាចរណ៍ជាបន្ត ។
ក្រោយពេលកេីតហេតុ ដោយសារតែមិនមានដំណោះស្រាយ មធ្យោបាយទាំងអស់រួមទាំងអ្នកបេីកបរត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ ៕
ដោយ៖សុខា សែនជ័យ