ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្លាប់ខណៈបើកម៉ូតូបុករថយន្តបើកបត់ត្រឡប់ក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងបត់ឆ្លងផ្លូវត្រឡប់ក្រោយ ត្រូវម៉ូតូលឿនហ្វ្រាំងមិនទាន់ជ្រុលបុករថយន្ត ក្រោយកើតហេតុរថយន្តបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកាលពីម៉ោង១និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ២១៧ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ក្រេង ភារម្យ អាយុ១៨ឆ្នាំ មុនរបរ បុគ្គលិក ក្រុមហ៊ុន វីរះ ប៊ុនថាំ មានទីលំនៅភូមិតាសាញ់ ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពព័ត៌មាននៅកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូWINNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KJ-0004 ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយរថយន្តសាំយ៉ុង បើកច្រាសទិសគ្នា កំពុងបត់ឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបរឃើញសភាពមិនស្រួល រថយន្តបើករត់គេចទៅបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌ ដើម្បស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នាបន្តនៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖