ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជន នៅតាមមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរដ្ឋស្តីទី បានបង្ហោះលើផេកផ្លូវការថា ៖ ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជន នៅតាមមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន ចាត់ទកថា ៖ នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។

សម្តេចតេជោ បន្តថា ៖ ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល ៥០០រៀល ១០០០រៀល ២០០០រៀល ៥០០០រៀល ១០០០០រៀល ២០០០០រៀល។ល។នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែលសំខាន់ជាងទៀតគឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។

សម្តេចតេជោ មានប្រសាសន៍ថា ៖ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះ កំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។

ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្តហ៊ុន ម៉ាណែតនឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូនដែលបានចូលរួមទាំងរក្សាទុកសម្រាប់ តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ ឪពុកម្តាយជីដូនជីតា៕

ដោយ ៖ សិលា


ចែករំលែក៖