ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការសាលារាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព អនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ក្នុងប្រតិបត្ដិការចុះបេសក កម្ម ចុះអន្តរាគមន៍បង្ក្រាបជនញៀនគ្រឿងញៀន ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹង កេងកង រាជធានីភ្នំពេញ ។
លោក នៅ សំបូរ និងលោកស្រី យ៉ង អិត ត្រូវជាឪពុកម្តាយបង្កើតនៃក្រុមគ្រួសារសព លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ។ ក្នុងនាមគណៈអភិបាលរាជធានី គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំបំផុត ចំពោះការបាត់បង់ជីវិតរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេង កងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែល បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍១០រោច ខែស្រាពណ៌ ឆ្នាំរោងឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការចុះអន្តរាគមន៍បង្ក្រាបជនញៀនគ្រឿងញៀន និងថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
មរណភាពរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការបាត់បង់កងកម្លាំងដ៏អង់អាចក្លាហាន និងជាពលីកម្មដ៏ធំ ធេងរបស់នគរបាលរាជធានីភ្នំពេញ ដែលបានចូលរួមចំណែកយ៉ាងសកម្មខ្លាំងក្លាក្នុងបុព្វហេតុនៃការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម តាមរយៈប្រតិបត្តិការចុះអន្តរាគមន៍បង្ក្រាបជនញៀនគ្រឿងញៀន ដើម្បី ការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោ បាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”ដែលហ៊ានលះបង់សាច់ ស្រស់ ឈាមស្រស់ និងសូម្បីតែជីវិតរបស់ខ្លួន ស័ក្តិសមជាកងកម្លាំងគំរូសម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ស្ថិតក្នុងសមានទុក្ខវិយោគសោកស្តាយ ស្រណោះអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាននេះ ក្នុងនាមគណៈអភិបាល រាជធានី គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមលំឱនកាយវាចាចិត្ត ចូលរួមរំលែកទុក្ខ ប្រកបដោយក្តីសោកសង្វេគស្រងេះស្រងោចយ៉ាងក្រៃលែង ជាមួយនឹង ក្រុមគ្រួសាសព និងអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ហើយសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីខ្ញុំ៕
ដោយ៖ សំរិត