ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរទស្សនកិច្ចផ្លូវការរបស់ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នៅសាធារណរដ្ឋហ្វីលីពីន និងកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

ហ្វីលីពីន៖​ ក្រសួង​ការ​បរទេស​ និងសហប្រតិបត្តិការអន្តរជាតិ​ នៅព្រឹកថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ តបតាមការអញ្ជើញរបស់ លោក Enrique A. Manalo រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋហ្វីលីពីន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ហ្វីលីពីន និងបានចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន (គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន) ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែសីហា នៅរដ្ឋធានីម៉ានីល។

លោកឧបនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយ លោកប្រធានាធិបតី Ferdinand R Marcos Jr. ដោយបានផ្លាស់ប្តូរយោបល់លើវិស័យជាច្រើន រួមមានការបង្កើនការ តភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងទេសចរណ៍។ លោកប្រធានាធិបតី Marcos បានសម្តែងឆន្ទៈខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ហើយទន្ទឹង រង់ចាំមានជំនួបជាថ្មីទៀតជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបសម្តែងការគួរសមជាមួយលោកជំទាវ Sara Duterte អនុប្រធានាធិបតី ហ្វីលីពីន ផងដែរ ដោយបានពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយលោកជំទាវលើការពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងហ្វីលីពីន លើទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។ មុនជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រងផ្កានៅស្តូបវីរបុរសជាតិហ្វីលីពីន José Rizal។

ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំគណៈកម្មការ ចម្រុះលើកទី៣ ក្នុងឆ្នាំ២០២១ និងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំន នងទ្វេភាគីលើវិស័យនានាបន្ថែមទៀតពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងបានលើកឡើងអំពីសារសំខាន់ជាយុទ្ធសាស្ត្រនៃជំនួបពីរលើករវាង សម្តេចធិបតី និង ឯកឧត្តមប្រធានាធិបតី Marcos ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រដ្ឋមន្ត្រីទាំងពីរបានអបអរសាទរ កិច្ចប្រជុំលើកទី៣ប្រកបដោយផ្លែផ្កានៃគណៈកម្មាធិការចម្រុះសហប្រតិបត្តិការយោធាកម្ពុជា-ហ្វីលីពីន កាលពីឆ្នាំទៅ និងបានឯកភាពពង្រឹងការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព ក៏ដូចជា កិច្ចសហប្រតិបត្តិការ ល្អដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរ មនុស្ស។

ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកទឹកចិត្តការប្រាស្រ័យ ទាក់ទងរវាងធុរកិច្ច និងធុរកិច្ច ក៏ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម។ ភាគីទាំងពីរបានពិភាក្សា ផងដែរអំពីមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្មអង្ករ និងមុខទំនិញដទៃទៀត ព្រមទាំងការអភិវឌ្ឍ ធុរកិច្ចផ្នែកកសិកម្ម។

ពាក់ព័ន្ធនឹងការផ្លាស់ប្តូរគ្នាក្នុងវិស័យវប្បធម៌ និងទេសចរណ៍ ភាគីទាំងពីរបានកត់ សម្គាល់ដោយពេញចិត្តនូវកំណើនទេសចរណ៍ និងបានឯកភាពរួមគ្នាជំរុញនូវគោលដៅទេសចរណ៍ នានា តាមរយៈការខិតខំបង្កើតជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងបញ្ចប់ឲ្យបានឆាប់នូវការ ពិភាក្សាលើកម្មវិធីអនុវត្តអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០២៤- ២០២៨។ ភាគីទាំងពីរក៏បានឯកភាពពន្លឿនការបន្តសុពលភាពកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ ការលួច និងការជួញដូរខុសច្បាប់នូវទ្រព្យសម្បត្តិវប្បធម៌។

ចំពោះវិស័យការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ភាគីទាំង ពីរបានឯកភាពបន្តឡើងវិញនូវអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងលើវិស័យការងារ និងទន្ទឹងរង់ចាំមាន ការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

កិច្ចប្រជុំបានពិភាក្សាយ៉ាងទូលំទូលាយលើវិស័យដទៃទៀត រួមមាន សុខាភិបាល បច្ចេកវិទ្យា ព័ត៌មាននិងទូរគមនាគមន៍ បរិស្ថាន ការតភ្ជាប់ ការដឹកជញ្ជូន លំនៅឋាននិងនគរូបនីយកម្ម មុខងារ សាធារណៈ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។

រដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តស្ថានការណ៍នៅក្នុងតំបន់ និងអន្តរជាតិ ជាណាចក្រកម្ពុជា ដែលជាប្រយោជន៍ និងក្តីកង្វល់រួម និងបានគូសបញ្ជាក់ពីការប្តេជ្ញារួម ក្នុងការចូលរួមចំណែកដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសាកលលោក។ រដ្ឋមន្ត្រីទាំងពីរ បានតាំងចិត្តបន្ត ពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុង តំបន់ និងលើឆាកអន្តរជាតិ។

កិច្ចប្រជុំត្រូវបានបញ្ចប់ដោយការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការ ចម្រុះកម្ពុជា-ហ្វីលីពីន លើកទី៤។ កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ លើកទី៥ ក្នុងឆ្នាំ២០២៦៕

ដោយ​៖ តារា​


ចែករំលែក៖