ភ្នំពេញ ៖ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជនក្នុងការបំពេញកាតព្វកិច្ច សងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់ ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តទៅនេះហៅថា “គ្រឹះស្ថាន” រៀបចំឥណទានឡើងវិញជូន អតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖
គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបានចំនួន ២ (ពីរ) ដង ដោយអាចរក្សា ចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។
គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះ នេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច ៣ (បី) ខែ ចំពោះឥណទានដែលមានការទូទាត់សង ប្រាក់ដើម និង/ឬ ការប្រាក់ប្រចាំខែ។ បន្ទាប់មក គ្រឹះស្ថានអាចស្តារចំណាត់ថ្នាក់ឥណទានល្អ ជាងមុនពីមួយកម្រិតទៅមួយកម្រិតទៀត ដោយគោរពតាមគោលការណ៍ចំនួនថ្ងៃហួសកាល កំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន។ លើសពីនេះ ការដំឡើងចំណាត់ថ្នាក់ត្រូវគោរព តាមលក្ខខណ្ឌដូចខាងក្រោម៖
ក. ចំពោះឥណទានមិនដំណើរការដែលមិនធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទាន រៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិត រហូតដល់ចំណាត់ថ្នាក់ “ស្តង់ដា”
ខ. ចំពោះឥណទានដំណើរការដែលធ្លាប់ត្រូវបានរៀបចំឡើងវិញមួយលើក (លើកលែង ឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយក្លាយជាឥណទាន មិនដំណើរការ និងបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើង ចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិតរហូតដល់ចំណាត់ថ្នាក់ “ស្តង់ដា”។
គ. ចំពោះឥណទានមិនដំណើរការដែលធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទាន រៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុង អំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់មិនអាចខ្ពស់ជាង “ក្រោមស្តង់ដា” ទេ។ ការដំឡើងចំណាត់ថ្នាក់នេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤ តទៅ។ ទន្ទឹមនេះ ការដំឡើងចំណាត់ថ្នាក់នេះ ក៏ត្រូវបានអនុវត្តចំពោះឥណទានរៀបចំឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលបានកំណត់នៅក្នុងសារាចរណែនាំលេខ ធ៧.០២៣.០០១ សារាចរ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ។
គ្រឹះស្ថានមិនគួរប្រើប្រាស់តែព័ត៌មានឥណទានរៀបចំឡើងវិញក្នុងក្រុមហ៊ុន ក្រេឌីត យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី ក្នុងអំឡុងពេលអនុគ្រោះនេះ ជាលក្ខខណ្ឌចម្បងក្នុងការអនុម័ត ឥណទានទេ។ គ្រឹះស្ថានត្រូវពិនិត្យលក្ខខណ្ឌផ្សេងៗទៀតដែលមានចែងក្នុងគោលនយោបាយ របស់គ្រឹះស្ថានដើម្បីអនុម័តឥណទាន។
គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញជូនអតិថិជន ដោយស្របតាមលក្ខខណ្ឌអនុគ្រោះមួយ ឬ ច្រើន ដូចមានរៀបរាប់ខាងក្រោមតែប៉ុណ្ណោះ៖
១. ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវទូទាត់សងនៅឥណប្រតិទាន
២. ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
៣. ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់
៤. ការពន្យារឥណប្រតិទាន
៥. ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី
៦. ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ទៅជាការទូទាត់សងតែ ការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន (Bullet Loan) និង/ឬ
៧. ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតែការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់ នៅឥណប្រតិទាន (Bullet Loan) ទៅជាការទូទាត់សងតាមការបង់រំលស់។
គ្រឹះស្ថានត្រូវពិនិត្យ ពិភាក្សា និងជ្រើសរើសលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើនខាងលើ ដែល សមស្របបំផុតសម្រាប់អតិថិជន ដើម្បីអាចធានាបានថាអតិថិជនអាចបន្តបំពេញកាតព្វកិច្ច ទូទាត់សងបានតាមលក្ខខណ្ឌថ្មីនៃកិច្ចសន្យា។
គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញចំពោះអតិថិជនដែលស្ថានភាពអាជីវកម្ម និង/ឬ ស្ថានភាព ហិរញ្ញវត្ថុនៅតែមានចីរភាព ហើយគ្រឹះស្ថានរំពឹងថាអតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។
គ្រឹះស្ថានត្រូវមានតម្លាភាពក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងត្រូវពន្យល់អតិថិជន ឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌនៃការរៀបចំឥណទានឡើងវិញ ដើម្បីឱ្យអតិថិជនមានមូលដ្ឋានក្នុងការ សម្រេចចិត្ត។
គ្រឹះស្ថានត្រូវរាយការណ៍អំពីឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះជាប្រចាំខែ តាមទម្រង់របាយការណ៍ ដូចមានក្នុងឧបសម្ព័ន្ធ។ ធនាគារជាតិនៃកម្ពុជា នឹងតាមដានដោយយកចិត្តទុកដាក់ ចំពោះការរៀបចំឥណទានឡើងវិញ និងការដំឡើងចំណាត់ថ្នាក់ឥណទានក្នុងអំឡុងពេលអនុគ្រោះនេះ។ វិធានការអនុគ្រោះចំពោះការរៀបចំឥណទានឡើងវិញខាងលើ មានប្រសិទ្ធភាពអនុវត្តរហូតដល់ ដំណាច់ខែធ្នូ ឆ្នាំ២០២៥។
សារាចរណែនាំនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅទៅ ៕
ដោយ ៖ សិលា