ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការតែងតាំងលោកវ៉ាង វិនពិន ជាឯកអគ្គ រដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយបទ ពិសោធន៍ និងភាពឈ្លាសវៃរបស់ឯកអគ្គរដ្ឋទូតក្នុងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនឹងកាន់តែរឹងមាំ ស៊ីជម្រៅ និងសម្បូរបែបលើគ្រប់វិស័យ។
ឆ្នាំនេះគឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៦៦នៃការ បង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដូច្នោះយុវជន ក៏ជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសកម្ពុជា។ ឯកអគ្គរដ្ឋទូត បានលើកឡើងថា រាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានយកចិត្តទុកដាក់លើវិស័យអប់រំ យុវជន និងកីឡា ដោយបន្ដការផ្ដល់អាហារូបករណ៍ដែលមានគុណភាពខ្ពស់ជូនដល់និស្សិតកម្ពុជា ព្រោះយុវជនគឺតំណាងអនាគតរបស់ប្រទេសជាតិ យុវជនក៏ជាតំណាងអនាគតនៃចំណង មិត្តភាពរវាងកម្ពុជា និងចិនផងដែរ។ បន្ថែមពីនេះ ជួយហ្វឹកហ្វឺនដល់កីឡាករ កីឡាការិនីកម្ពុជា ដោយអនុញ្ញាតឱ្យកីឡាករ កីឡាការិនី មានឱកាសទៅហ្វឹកហាត់បន្ថែមនៅឯប្រទេសចិនឬបញ្ចូនគ្រូបង្វឹកពីប្រទេសចិនមកបង្រៀននៅប្រទេសកម្ពុជា។
បន្ទាប់ពីបានស្ដាប់ប្រសាសន៍ឯកអគ្គរដ្ឋទូតរួចមកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់គម្រោងជំនួយជាច្រើនដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយក្នុងនោះរួមមាន ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍សម្រាប់ការអប់រំនៅកម្ពុជាជាច្រើនបន្តបន្ទាប់។
សារជាថ្មីម្ដងទៀត តាងនាមក្រសួងអប់រំ យុវជននិង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរគណៈប្រតិភូចិនទាំងអស់ ទទួលបានសុខភាពល្អ សុភមង្គល និងសម្រេចជោគជ័យគ្រប់ភារកិច្ច និងសង្ឃឹមយ៉ាងមុតមាំថាភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រត្តិបត្តិការត្បូងពេជ្ររបស់ប្រទេសទាំងពីរនឹងបន្ដរីកចម្រើនលូតលាស់បន្ថែមទៀត៕
ដោយ៖ សូរិយា