ភ្នំពេញ ៖ ប្រាសាទ ដាវីន ! ក្លាយជាស្ត្រីខ្មែរមានស្វាមីដំបូងគេពីកម្ពុជាឡើងទៅប្រគួតកម្មវិធីMiss Universe 2024 ហើយទីបំផុត ! ប្រាសាទ ដាវីន ទទួលជ័យលាភីគ្រងមកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២៤ សំឡេងគាំទ្រឡើងកក្រើកស្ថានីយទូរទស្សន៍ CTN នារាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលជាវគ្គចម្រុះចុងក្រោយ បេក្ខជន ៥រូប ជ្រើសរើសតែ១រូបសម្រាប់គ្រង មកុដ កញ្ញាឯកចក្រវាឡកម្ពុជា ២០២៤ ។
ប្រាសាទ ដាវីន តារាពហុជំនាញ ជាមួយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និយាយពាក្យក្នុងចិត្តនេះទៅកាន់អ្នកគាំទ្រភ្លាមៗ ថានាងជាស្ត្រីដៃ១០០ ករណី គ្រងមកុដ កញ្ញាឯកចក្រវាឡកម្ពុជា ២០២៤ មិនមែនជាឧបសគ្គ ឬប៉ះពាល់រំខានដល់ គ្រួសាររបស់គាត់ទេ ដូចជាមួយស្វាមី កូន និងការងារគ្រប់យ៉ាង ! នាងប្រាប់ទៅពិភពលោកថា ស្រ្តីកម្ពុជាមានភាពរឹងមាំ គ្រប់កិច្ចការងាររបស់ខ្លួន លើគ្រប់វិស័យ ។
ទីបំផុតរាត្រីគ្រងមកុដកញ្ញាឯកចក្រវាឡកម្ពុជា ២០២៤ បានមកដល់ ហើយម្ចាស់មកុដគឺមិនអ្នកណាឆ្ងាយពីការទស្សទាយរបស់ទស្សនិកជនភាគច្រើនឡើយគឺអ្នកនាង ប្រាសាទ ដាវីន ។ នាងត្រូវបានទស្សនិជនអ្នកគាំទ្រហ៊ានដាក់ក្តីរំពឹងខ្ពស់ព្រោះតែនាងមានគុណសម្បត្តិសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ស្អាតឲ្យលេចធ្លោរ ជាមួយនិងការតាំងចិត្តខ្ពស់។
ជាសារអបអរទៅកាន់នាងបានលើកឡើងពេញបណ្តាញសង្គមក្រោយពីការប្រកាសលទ្ធផលកាលពីរាត្រីថ្ងៃទី២៩ ខែសីហានេះ។
នាងនឹងក្លាយជាស្ត្រីខ្មែរដំបូងគេដែលមានស្វាមី និងកូន ពីកម្ពុជាចេញទៅប្រគួតនៅលើឆាកអន្តរជាតិ នៅប្រទេសម៉ិចសិចកូចុងឆ្នាំ ២០២៤នេះ៕
ដោយ ៖ សុខ ខេមរា