ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ពីប្រទេសចំនួន ១០ ដែលផលិតមាសច្រើនជាងគេនៅលើពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ យោងតាមប្រភពពី Middle East Economy បានបង្ហាញថា មាសនៅតែជាធនធានដ៏មានតម្លៃដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងវិស័យជាច្រើន ហើយការជីកយករ៉ែមាសក៏បន្តជាឧស្សាហកម្មដ៏សំខាន់នៅទូទាំងពីភពលោកផងដែរ ជាមួយនឹងប្រតិបត្តិការនៅគ្រប់ទ្វីបទាំងអស់លើកលែងតែអង់តាក់ទិក។

កាលពីឆ្នាំ២០២៣ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ដែលជំរុញដោយភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ 

យោងតាមធនាគារ ING Bank និន្នាការនេះនឹងបន្តរហូតដល់ឆ្នាំ២០២៤ ដែលជំរុញដោយតម្រូវការទ្រព្យសម្បត្តិដែលមានសុវត្ថិភាព និងការផ្លាស់ប្តូរអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ធនាគារកណ្តាលមួយចំនួនរបស់ចិន ប៉ូឡូញ តួកគី និងឥណ្ឌាបានបង្កើនទុនបម្រុងមាសរបស់ពួកគេយ៉ាងខ្លាំង ដែលរួមចំណែកដល់ការឡើងថ្លៃតម្លៃ។ ING បានព្យាករណ៍ថា មាសជាមធ្យមមានតម្លៃប្រហែល ២ ០៣១ ដុល្លារក្នុងមួយអោនក្នុងឆ្នាំ២០២៤ ហើយវាអាចឡើងថ្លៃដល់ ២ ១០០ ដុល្លារក្នុងមួយអោនក្នុងត្រីមាសទី៤ផងដែរ។ ខាងក្រោមនេះគឺជាប្រទេសផលិតមាសកំពូលទាំង ១០ នៅទូទាំងពិភពលោក។

១. ចិន៖ ទិន្នផលមាស ៣៧៥ តោន

ចិននាំមុខគេក្នុងការផលិតមាសប្រហែល ៣៧៥ តោន ដែលស្មើនឹង ១០ ភាគរយនៃការផ្គត់ផ្គង់មាសរបស់ពិភពលោក។ ការរួមផ្សំគ្នាតែមួយគត់របស់ប្រទេសនៃតម្លៃពលកម្មទាប និងថ្លៃដើមផលិតកម្មស្របតាមតម្រូវការក្នុងស្រុកកើនឡើង។ ការិយាល័យស្ថិតិជាតិបានគូសបញ្ជាក់ថា កំណើននៃការលក់រាយនៃគ្រឿងអលង្ការមាស និងប្រាក់នៅក្នុងប្រទេសចិនបានវ៉ាដាច់ប្រភេទផលិតផលផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីទីផ្សារដ៏រឹងមាំរបស់ប្រទេសសម្រាប់ទំនិញដ៏មានតម្លៃទាំងនេះ។

២. រុស្ស៊ី៖ ទិន្នផលមាស ៣២៤,៧ តោន

រុស្ស៊ីគឺជាប្រទេសផលិតមាសធំជាងគេទី២របស់ពិភពលោក និងបានវ៉ាដាច់អូស្ត្រាលីជាលើកដំបូងក្នុងឆ្នាំ២០១៩។ លើសពីនេះ ប្រទេសនេះសម្បូរធនធានធម្មជាតិច្រើន និងជាអ្នកផ្គត់ផ្គង់មាសដ៏សំខាន់របស់អឺរ៉ុប។ ផ្អែកលើទិន្នន័យរបស់ធនាគារកណ្តាលរុស្ស៊ីបង្ហាញថា តម្លៃនៃទុនបំរុងមាសរបស់រុស្ស៊ីបានកើនលើស ១៥០ ពាន់លានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលជំរុញដោយការឡើងថ្លៃនៃតម្លៃមាស។

៣. អូស្ត្រាលី៖ ទិន្នផល ៣១៣,៩ តោន

ក្នុងនាមជាអ្នកផលិតមាសធំទី ៣ របស់ពិភពលោក ឧស្សាហកម្មរុករករ៉ែរបស់អូស្ត្រាលីផលិតមាសបាន ៣១៣,៩ តោនក្នុងឆ្នាំ២០២២។ ប្រទេសនេះមានកន្លែងជីកមាសធំជាងគេបំផុតមួយក្នុងពិភពលោកគឺ Kalgoorlie Goldfield នៅភាគខាងលិចអូស្ត្រាលី។ ទាក់ទងនឹងការរួមចំណែកផ្នែកសេដ្ឋកិច្ច ការនាំចេញមាសរបស់អូស្ត្រាលីទទួលបានប្រាក់ចំណូល ២៥.៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

៤. កាណាដា៖ ទិន្នផល: ១៩៤,៥ តោន

នៅឆ្នាំ២០២២ កាណាដាផលិតមាសបានចំនួន ១៩៤,៥ តោន ហើយវាគឺជាទំនិញដ៏មានតម្លៃបំផុតរបស់ប្រទេស។ ប្រទេស នេះ ត្រូវបានគេស្គាល់ថាបានអនុវត្តការរុករករ៉ែ ដែលទទួលខុសត្រូវផ្នែកបរិស្ថានរបស់ខ្លួន។ នៅឆ្នាំ២០២១ តម្លៃផលិតកម្មមាសរបស់កាណាដាបានកើនឡើងដល់ ១៣,៧ពាន់លានដុល្លារ។

៥. សហរដ្ឋអាម៉េរិក៖ ទិន្នផលមាស ១៧២,៧ តោន

ជាមួយនឹងទិន្នផល ១៧២,៧ តោន សហរដ្ឋអាម៉េរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផលិតមាសច្រើនជាងគេរបស់ពិភពលោក។ វិស័យជីករ៉ែមាសរបស់អាម៉េរិកបានចាប់ផ្តើមរីកចម្រើនក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយសារការរីកចំរើនផ្នែកបច្ចេកវិទ្យា ហើយវាបានជំរុញការកើនឡើងនៃផលិតកម្មនៅដើមទសវត្សរ៍ឆ្នាំ១៩៩០។

៦. ហ្គាណា៖ ទិន្នផល ១២៧ តោន

ឧស្សាហកម្មរុករករ៉ែបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ហ្គាណា ជាពិសេសចាប់តាំងពីការផ្លាស់ប្តូរពីភាពជាម្ចាស់របស់រដ្ឋទៅជាឯកជននៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានទាក់ទាញការវិនិយោគពីបរទេសយ៉ាងសំខាន់។ មិនត្រឹមតែប៉ុណ្ណឡ ការរុករករ៉ែបានរួមចំណែកយ៉ាងសំខាន់ដល់ GDP របស់ប្រទេសហ្គាណា និងបានបង្កើតការងារដល់ពលរដ្ឋ។ នៅឆ្នាំ២០២២ ផលិតកម្មមាសបានកើនឡើងដល់ ៣២ ភាគរយ ដែលបានធ្វើឲ្យហ្គាណាក្លាយជាអ្នកផលិតមាសកំពូលនៅទ្វីបអាហ្រ្វិក។

៧. ប៉េរូ៖ ទិន្នផល ១២៥,៧ តោន

ឧស្សាហកម្មរុករករ៉ែនៅក្នុងប៉េរូមានសារសំខាន់សម្រាប់ប្រទេសជាប្រវត្តិសាស្ត្រតាំងពីចក្រភព Inca រហូតដល់សម័យទំនើប។ ក្រសួងថាមពល និងរ៉ែប៉េរូ រាយការណ៍ថា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៩ ការវិនិយោគលើគម្រោងរុករករ៉ែមានចំនួនសរុប ៧១,៤៣ ពាន់លានដុល្លារ ដែលបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងចំពោះធនធានរ៉ែរបស់ប៉េរូ។

៨. ឥណ្ឌូនេស៊ី៖ ទិន្នផល ១២៤,៩ តោន

ឥណ្ឌូនេស៊ីមានធនធានរ៉ែដ៏សម្បូរបែប ជាមួយនឹងទិន្នផលមាសជិត ១២៥ តោនក្នុងឆ្នាំ ២០២២។ Mimika Regency គឺជាតំបន់ជីករ៉ែដែលមានទុនបំរុងមាសដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ីប្រហែល ១០៦,២ លានអោន និងទុនបំរុងទង់ដែងធំជាងគេទីពីរនៅលើពិភពលោក។ វា អាច ផលិត មាស សុទ្ធ បាន ប្រមាណ ២៤០ គីឡូក្រាម ក្នុង មួយ ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារអ្នកប្រើប្រាស់គ្រឿងអលង្ការមាសរបស់ឥណ្ឌូនេស៊ីក៏មានទំហំធំគួរឱ្យកត់សម្គាល់ផងដែរ។

៩. ម៉ិកស៊ិក៖ ទិន្នផល ១២៤ តោន

នៅឆ្នាំ២០២២ ផលិតកម្មមាសរបស់ម៉ិកស៊ិកមានចំនួន ១២៤តោន ឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ខ្លួនក្នុងការជីកយករ៉ែមាសតាំងពីសម័យ Aztec ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៅក្នុងវិស័យជីករ៉ែមាសរបស់ប្រទេសនេះបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែការចំណាយទាបលើបទប្បញ្ញត្តិទាបសម្រាប់ការរុករក។ ឧស្សាហកម្មរុករករ៉ែដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចម៉ិកស៊ិក ដោយកាលពីឆ្នាំ២០២០ ម៉ិកស៊ិក រកចំណូលបានពីវិស័យនេះបាន ១២,២ ពាន់លានដុល្លារជាមួយនឹងការនាំចេញសរុបចំនួន ១៥,៦ ពាន់លានដុល្លារ។ បន្ថែមពីនេះ ការនាំចេញរ៉ែសរុបរបស់ម៉ិកស៊ិកបានកើនឡើងក្នុងអត្រាជាមធ្យម ៥,៨ ភាគរយក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ២០១៧។

១០. អ៊ូសបេគីស្ថាន៖ ទិន្នផល ១១០,៨ តោន

ផលិតកម្មមាសរបស់អ៊ូសបេគីស្ថានជាចម្បងគឺនៅអណ្តូងរ៉ែ Muruntau ដែលជាអណ្តូងរ៉ែមាសបើកចំហធំបំផុតរបស់ពិភពលោក។ គេប៉ាន់ស្មានថា អណ្តូងរ៉ែនេះមានមាសជាង ៤ ០០០ តោន។ យ៉ាងណាក៏ដោយ បើទោះបីជាអ៊ូសបេគីស្ថានគ្រាន់តែជាអ្នកផលិតធំជាងគេទី ១០ ក៏ពិតមែន ប៉ុន្តែប្រទេសនេះគឺជាអ្នកលក់មាសឈានមុខគេមួយនៅលើពិភពលោក។ ការនាំចេញមាសរបស់ប្រទេសមួយនេះកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ មានតម្លៃ ១,២៨ ពាន់លានដុល្លារ ដែលរួមចំណែកដល់ប្រាក់ចំណូលសរុបរបស់ប្រទេស ៨,១៥ ពាន់លានដុល្លារ៕

ប្រភព ៖ បកប្រែដោយ (កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda)


ចែករំលែក៖