ភ្នំពេញ ៖ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានចូលរួមចំណែកដល់ការស្តារកសាង អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ ការជួយឧបត្ថម្ភរបស់ចិនមិនត្រឹមជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប៉ុណ្ណោះទេ តែបានធ្វើឱ្យកម្ពុជា ថ្វីត្បិតតែជាប្រទេសតូច តែមានឯករាជ្យភាពខាងនយោបាយ ការពារបាននូវបូរណភាពរបស់ខ្លួន ស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន ដែលបានពូនជ្រំ ថែរក្សា លើកកម្ពស់ឥតឈប់ឈរ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់តាំងពី ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតប្រមុខដឹកនាំកំពូលចិន មាន លោកប្រធាន ម៉ៅ សេទុង និង លោកនាយករដ្ឋមន្រ្តី ជូ អេងឡាយ ហើយទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះកាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើងមកដល់បច្ចុប្បន្នដែលមាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ី ជីនភីង និងសម្តេចតេជោ ហ៊ុន សែន ហើយបន្តមក សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនាំមកនូវផលប្រយោជន៍មិនត្រឹមសម្រាប់ប្រទេស និងប្រជាជនទំាងពីរនោះទេ តែថែមទាំងដល់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន និងបានចូលរួមចំណែកថែរក្សា លើកកម្ពស់ វិបុលភាពប្រជាជាតិនៅក្នុងតំបន់ និងសកលលោកថែមទៀតផង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែកញ្ញា ឆ្នាំ២០២៣ គឺប្រមាណជាមួយខែក្រោយនៃការបង្កើតគណៈរដ្ឋមន្រ្តីថ្មី ដែលនេះបានសរបញ្ជាក់យ៉ាងច្បាស់ពីការផ្តល់អាទិភាពខ្ពស់បំផុត នៃទំនាក់ទំនងកម្ពុជា-ចិន របស់អ្នកបន្តវេនកម្ពុជា។
សម្តេចរដ្ឋសភាធិបតី បានសម្តែងការជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសភាប្រជាជនចិនក្រុងសៀងហៃនៅក្នុងឱកាសនេះ នឹងជំរុញលើកកម្ពស់ដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទំាងពីរកាន់តែសកម្ម និងស៊ីជម្រៅ នាំមកនូវសមិទ្ធផលថ្មីៗថែមទៀតដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា និងសភាប្រជាជនចិនក្រុងសៀងហៃ ពង្រឹងពង្រីកថែមទៀត នៅគ្រប់កម្រិត ផងដែរ ៕
ដោយ ៖ សិលា