ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃបេសកកម្មរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់រដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងយោងតាមសំណើនៃស្ថាប័ន អន្តរសភាអាស៊ាន (AIPA) សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា បានចាត់តាំងគណៈប្រតិភូនៃរដ្ឋសភាកម្ពុជា ដឹកនាំដោយលោក សុះ មុះសិន សមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ជាប្រធានគណៈប្រតិភូ និងលោក សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ជា សមាជិកគណៈប្រតិភូ ទៅចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនាមរដ្ឋសភាកម្ពុជា និងក្នុងនាមស្ថាប័នអន្តរសភាអាស៊ាន (AIPA) ។

គណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមសង្កេតការណ៍បោះឆ្នោតដោយយកចិត្តទុកដាក់នៅតាម ការិយាល័យបោះឆ្នោតចំនួន ១០ នៅមណ្ឌលបោះឆ្នោតចំនួន៤ ផ្សេងគ្នា ស្ថិតនៅរដ្ឋធានីបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងអង្គការសង្គមស៊ីវិល និងអ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិ ។ នៅថ្ងៃបោះឆ្នោត គណៈប្រតិភូបានចូលរួមសង្កេតមើលដំណើរការបោះឆ្នោត គ្រប់ដំណាក់កាល ចាប់តាំងពីពេលបើកការិយាល័យបោះឆ្នោត រហូតដល់ពេលរាប់សន្លឹកឆ្នោត និងការប្រកាស លទ្ធផលនៅតាមការិយាល័យបោះឆ្នោតដោយមន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់កណ្តាល (CEC)។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ មាន ការចូលរួមពីបេក្ខជនចំនួន ៩៩០នាក់ មកពី ២៥គណបក្ស និងបេក្ខជនឯករាជ្យ ប្រកួតប្រជែងសម្រាប់អាសនៈ សភាចំនួន ១២៥ ក្រោមការសង្កេតការណ៍ពីអ្នកសង្កេតការណ៍ជាតិប្រមាណ ១១២.០០០នាក់ និងអ្នកសង្កេត ការណ៍អន្តរជាតិប្រមាណ ៦០០នាក់ មកពី ៥១ស្ថាប័ន និង ៦៩ប្រទេស។

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានចូលរួមធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃការសង្កេតការណ៍បោះឆ្នោតខាងលើ។ គណៈប្រតិភូបានសង្កេតឃើញថា ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ ស្របតាមបទប្បញ្ញត្តិនិងច្បាប់ជាធរមាន។ គណបក្សនយោបាយមានសិទ្ធិ ដូចគ្នា និងឱកាសស្មើគ្នាក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ដែលបានបង្ហាញអំពីដំណើរការ ប្រជាធិបតេយ្យដ៏រឹងមាំរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ ហើយប្រជាជនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនទៅ បោះឆ្នោតដោយសេរី ដែលមានអត្រាអ្នកបោះឆ្នោតចំនួន ៣៧,២៧% លើចំនួនក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត សរុបចំនួន ៦ ៤២១ ៩៦០នាក់។

គណៈប្រតិភូរដ្ឋសភាកម្ពុជា សូមសម្តែងនូវអំណរសាទរចំពោះរដ្ឋាភិបាល រដ្ឋសភា និងប្រជាជននៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ ចំពោះដំណើរការប្រជាធិបតេយ្យ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព ដែល ជាមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាសុខសន្តិភាព និងការលើកកម្ពស់សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាប ៕ 

ដោយ ៖ សិលា


ចែករំលែក៖