ខេត្តមណ្ឌលគិរី ៖ ប្រមាណជាមួយសប្តាហ៍នេះ រណ្តៅរ៉ែមាសខុសច្បាប់ ជាង ១០កន្លែងចំណុច ចំការត្រប់ ភ្នំខៀវ អូរក្លរ ស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កំពុងដំណើរការធ្វើសកម្មភាពឡើងវិញ ទោះជាត្រូវបានចុះបង្ក្រាបដោយសមត្ថកិច្ចថ្នាក់ជាតិ និងក្រោមជាតិក៏ដោយ ពួកគេនៅបន្តលួចធ្វើ បន្ទាប់ពីមានភ្លៀងធ្លាក់អំណោយផលសម្រាប់ពួកគេ ហើយសមត្ថកិច្ចពិបាកក្នុងការប្រើប្រាស់មធ្យោបាយចុះបង្រ្កាប ។
មានគេបង្ហើបថា ៖ ការធ្វើសកម្មភាពរណ្តៅរ៉ែមាសខុសច្បាប់យ៉ាងច្រើនកន្លែងនៅទីតាំងខាងលើនេះ ក៏លួចប្រើប្រាស់រំសេវបំផ្ទុះទៀតផង បើទោះបីច្បាប់បានហាមឃាត់យ៉ាងតឹងរ៉ឹងបំផុតផងនោះក៏ដោយ
ប៉ុន្តែការប្រើប្រាស់រំសេវបំផ្ទុះ បានបែបនេះ គឺដោយសារមានបុគ្គលម្នាក់នៅក្នុងខេត្តមណ្ឌលគិរី ឈ្មោះ តែ គឹមសាន អតីតប្រធានសហគម ឃុំចុងផ្លាស់ជាអ្នកមានជំនាញខាងរត់ការ ដើម្បីជាប្រយោជន៍បិទបាំងអំពើខុសច្បាប់នេះ ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃត្រង់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមទូរស័ព្ទ លោកបានបញ្ជាក់ថា ៖ ជុំវិញករណីនេះខ្ញុំបានឱ្យអធិការនគរបាលស្រុក ចាត់ចែងកម្លាំង សហការជាមួយប៉ុស្តិរដ្ឋបាលចុះទៅហើយ ពីព្រោះថា កន្លងទៅធ្លាប់បង្ក្រាប ! តែពួកនោះលួចធ្វើទៀត ។ លោកបន្តថា ៖ ម្យ៉ាងទៀតយើងពិបាកក្នុងការបង្ក្រាបដែរ ដោយក្រុមពួកគេលួចធ្វើពេលប្រជាពលរដ្ឋគាត់ធ្វើជាលក្ខណះគ្រួសារ។ ចំពោះថាមានការប្រើប្រាស់គ្រាប់រំសេវដើម្បីបំផ្ទុះ លោកស្នងការថា មិនទាន់មានប្រើ ឬហ៊ានប្រព្រឹត្តទេ ប៉ុន្តែបើបានព័ត៌មានបែបនេះ ខ្ញុំសូមអរគុណ នឹងធ្វើការចុះទៅបង្ក្រាបដោយផ្ទាល់ ព្រោះជាអំពើល្មើសច្បាប់ ។
លោក តែ គឹមសាន អតីតប្រធានសហគម ឃុំចុងផ្លាស់ ដែលគេទទួលស្គាល់ថាជាមេខ្លោងក្នុងសកម្មភាពជីករណ្តៅរ៉ែមាសនៅ ចំណុច ចំការត្រប់ ភ្នំខៀវ អូរក្លរ ស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាទម្លាប់ច្រើនយកប្រជាពលរដ្ឋជារនាំង ប៉ុន្តែសកម្មភាពរបស់ខ្លួនមានលក្ខណះទ្រង់ទ្រាយធំ និងជំនាញរត់ការដើម្បីដំណើរការធ្វើរ៉ែមាស ដោយខុសច្បាប់ ដោយមានប្រើប្រាស់ម៉ាសុឺន ខ្សែរ៉ត រ៉ៃ ថ្នាំលាងមាស ហើយជំនួញរកសុីរបស់គាត់ ច្រើនគេចផុតពីសំណាញ់ ប្រសិនមានការបង្ក្រាបម្តង !
ពាក់ព័ន្ធករណី អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក តែ គឹមសាន អតីតប្រធានសហគម ឃុំចុងផ្លាស់ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈទូរស័ព្ទលេខ 0718678977 ត្រូវបានបិទ ។ តែកន្លងទៅធ្លាប់ប្រាប់ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ថា ៖ រកមែន តែរកតិចតួច ជួយប្រជាពលរដ្ឋឱ្យមានការងារធ្វើ មិនជាធំដុំអីទេ ព្រោះបើមិនរកតើប្រជាពលរដ្ឋគាត់មានសេដ្ឋកិច្ចឯណា បូកនិងសមត្ថកិច្ច អាជ្ញាធរផងដែរ ។
លោក ទី សុផល ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី ទទួលស្គាល់ថាមានបទល្មើសនេះ ដោយលោកបញ្ជាក់ថា ៖ ខ្ញុំទើបទទួលព័ត៌មាននេះមុននឹងបន្តិចដែរ ហើយបានឱ្យកម្លាំងជំនាញចុះទៅហើយ ដោយមិនអនុគ្រោះ ឬអនុញ្ញាតទេ បើគ្មានច្បាប់ធ្វើការស្រាវជ្រាវ ឬច្បាប់អាជីវកម្ម ប៉ុន្តែជនខិលខូចលួចធ្វើ ច្រើនបន្លំជាមួយប្រជាពលរដ្ឋដែលគាត់ធ្វើជាលក្ខណះគ្រួសារ។
លោក ទី សុផល បន្តថា ៖ ទោះពេលនេះមានភ្លៀងធ្លាក់ បង្កផលលំបាកច្រើនដល់ជំនាញក្នុងដំណើតបេសកម្មក៏ដោយ ជាចម្បងត្រូវទៅឱ្យដល់ទីតាំងទាំងនោះ។
ដោយឡែក លោក នាង វណ្ណៈ នាំពាក្យរដ្ឋបាលសាលាខេត្តមណ្ឌលគិរី មិនអាចទាក់ទងសុំការបំភ្លឺបានតាមទូរស័ព្ទលេខ 0886105000 នៅថ្ងៃដដែលនេះ ដោយខលមិនចូល បន្ទាប់ពីទទួលដំណឹងថា ដំណើរការលួចធ្វើរ៉ែមាសនេះ លោក តែ គឹមសាន ចំណាយប្រាក់រត់ការជាមួុយ សមត្ថកិច្ច ជំនាញ និងអាជ្ញាធរនោះ ។ ទោះជាយ៉ាងណាក៏ដោយ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» រងចាំការបកស្រាយពីមន្ត្រីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ប្រសិនបើមានអំណះអំណាងពិតប្រាកដណាមួយ ៕
ដោយ ៖ សុខ ខេមរា