ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនរុះរើរដ្ឋាភិបាលក្នុងទ្រង់ទ្រាយធំ អំឡុងសង្រ្គាមជាមួយរុស្ស៊ី

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថារដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានដាក់ពាក្យសុំលាលែងពីតំណែង ខណៈវាគឺជាផ្នែកនៃការរុះរើដ៏ធំបំផុតមួយរបស់រដ្ឋាភិបាលទីក្រុងកៀវ អំឡុងសង្រ្គាមរយៈ៣០ខែ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

ការលាលែងពីតំណែង និងការតែងតាំងមន្រ្តីថ្មីៗ ត្រូវបានគេរំពឹងទុកក្នុងពេលប៉ុន្មានថ្ងៃបន្តបន្ទាប់ខាងមុខនេះ ក្រោយរដ្ឋមន្រ្តីអ៊ុយក្រែន ៦នាក់ បាននាំគ្នាលាលែងពីតួនាទី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងអ្វីដែលមន្រ្តីជំនិតជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា ជាការចាប់ផើ្តមនៃដំណើរការរៀបចំរដ្ឋាភិបាលឡើងវិញ នៅមុនរដូវរងាមកដល់។ លោក ហ្សេលេនស្គី ផ្ទាល់ បាននិយាយកាលពីថ្ងៃអង្គារថា ពេលប៉ុន្មានខែខាងមុខ គឺមានសារសំខាន់ជាខ្លាំងសម្រាប់អ៊ុយក្រែន ដូច្នេះហើយត្រូវមានការផ្លាស់ប្តូរដើម្បីឱ្យអ៊ុយក្រែន អាចសម្រេចបានលទ្ធផលនានា ដែលខ្លួនត្រូវការ។

នាពេលនេះ កងកម្លាំងរបស់រុស្ស៊ី កំពុងតែបន្តរុលឆ្ពោះទៅមុខ នៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែន បានបញ្ជូនកងកម្លាំងខ្លួន បើកការវាយលុកយ៉ាងភ្ញាក់ផ្អើលចូលទៅក្នុងតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៉ី តាំងតែពីដើមខែមុន។ ទន្ទឹមគ្នា រុស្ស៉ីក៏បានបង្កើនការវាយប្រហារ ដោយប្រើយន្តហោះដ្រូន និងមីស៉ីលមកលើអ៊ុយក្រែនផងដែរ ដោយកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សរាប់សិបនាក់ នៅទីក្រុង Poltava ភាគកណ្តាល ហើយថ្ងៃពុធនេះ បានផ្តាច់ជីវិត៧នាក់ទៀត នៅទីក្រុង Lviv ភាគខាងលិច៕ ដោយធីរីណា

រូបថត: Getty Images


ចែករំលែក៖