ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. បានទទួលលិខិតអនុញ្ញាតដំណើរការជាផ្លូវការនូវ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” តាមរយៈ QR CODE លើការផ្តល់សេវាសាធារណៈ។ ថ្នាល verify.gov.kh នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ និងបង្កើនជំនឿទុកចិត្តនិងផ្តល់ភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលសេវាសាធារណៈពីរាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ ឯកសារមានជាអាទិ៍ អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត សញ្ញាបត្រ បណ្ណសម្គាល់ខ្លួន និងឯកសារផ្សេងៗទៀត ដែលមានដាក់បញ្ចូលឃ្យូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh គឺអាចយកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ការដាក់ឱ្យប្រើថ្នាល verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា កាត់បន្ថយចំណាយ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល ៕
ដោយ ៖ សិលា