ភ្នំពេញ÷នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បានជួបពិភាក្សាការងារជាមួយនឹង លោកWang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីលោកប៉ាន់ សូរស័ក្កិ និងលោក ទី សុគន្ធ និងក្រុមការងារអនុគណៈកម្មប្រតិបត្តិនៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ និងបានពិភាក្សាអំពីការអញ្ជើញ សមាជិក រដ្ឋសភាតំណាងប្រជាជនចិន មកចូលរួមនៅក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមគំនិតផ្តួចផ្តើមអំពីសន្តិភាព ដែលកម្ពុជាអាចចែក រំលែកបទពិសោធន៍ជាក់ស្តែងក្នុងការកសាងនិងថែរក្សាសន្តិភាពទៅកាន់ពិភពលោក។
ក្នុងកិច្ចប្រជុំនេះលោកប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានកោតសរសើរនិងអបអរសាទរ លោក Wang Wenbin អតីតអ្នកនាំពាក្យដ៏ចំណានរបស់ក្រសួងការបរទេសចិន និងបច្ចុប្បន្ននេះជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ប្រធានគណៈកម្មការទី៥ ក៏បានលើកឡើងអំពីទស្សនកិច្ចរបស់ លោកស្រីចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ មកកម្ពុជា ដោយលោកសករីបានអញ្ជើញទៅទស្សនាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ដូចជាប្រាសាទអង្គវត្ត និងសារមន្ទីរជាតិផងដែរ។ ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា ក៏បានបន្តលើកឡើងអំពីកិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រទេសទាំងពីរ និងរំលេចផងដែរថា ឆ្នាំ២០២៤នេះ ជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតបលោកឯកអគ្គរដ្ឋទូត បានអរគុណភាគីកម្ពុជា ក៏ដូចជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានរៀបចំទទួលគណៈប្រតិភូដឹកនាំដោយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ យ៉ាងកក់ក្តៅ ព្រមទាំងសម្រេចបានលទ្ធផលគួរជាទីគាប់ចិត្តផងដែរ។ ទន្ទឹមនឹងនេះឯកអគ្គរដ្ឋទូត សង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចរដ្ឋសភា ធិបតី ប្រធានរដ្ឋសភា ទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ នឹងចូលរួមចំណែករឹតចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរឱ្យកាន់ស្អិតល្មួតបន្ថែមទៀត៕