ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប ១,៦៦០រូប។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងថា គណៈមេធាវីគឺជាតួអង្គយ៉ាងសំខាន់ក្នុង ការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរង ហានិភ័យងាយរងគ្រោះដោយឥតគិតថ្លៃ ការជួយពិគ្រោះផ្តល់យោបល់ដល់ជនក្រីក្រ កម្មករ និយោជិត និងគ្រូបង្រៀនដោយឥតគិតថ្លៃជាដើម។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ នៅតែបន្តផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដដែល ក្នុងនោះរាជរដ្ឋាភិបាលបានចាត់ចែងមេធាវី ជួយដល់ជនរងគ្រោះពីការឆបោក បញ្ហាដីធ្លី ស្រ្តីមេម៉ាយ និងករណីមួយចំនួនបន្ថែមទៀត ។ កន្លងមក មានមេធាវីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានជួយសម្រួលដោះស្រាយវិវាទផ្សេងៗ ជូនប្រជាពលរដ្ឋបានយ៉ាងច្រើន។
-សម្តេចធិបតី ថ្លែងថា ប្រើប្រាស់ច្បាប់គឺមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺមិនត្រឹមតែជួយប្រជាពលរដ្ឋការពារសិទ្ធរបស់ពួកគាត់បានប៉ុណ្ណោះទេ ប៉ុន្តែច្បាប់ក៏ជាប្រទីប និងការកំណត់ព្រំដែនក្នុងការអនុវត្តច្បាប់ចំពោះជន និងបុគ្គលមួយចំនួនមិនឲ្យបំពានទៅលើសិទ្ធរបស់អ្នកដទៃ ឬសង្គមជាតិផងដែរ….។
-សម្ដេចធិបតី ថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា មានបុគ្គលមួយចំនួនតូចនៅក្រៅប្រទេស ចង់បង្វែព្រឹត្តិការណ៍ ស្ថានភាពដុតបំផ្លាញប្រទេសជាតិផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលខុសពីឆន្ទៈរបស់ប្រជាជនភាគច្រើនលើសលុប នៅក្នុងប្រទេសគាត់មានកង្វល់ពីបូរណភាពទឹកដី ប៉ុន្តែមិនចង់ឲ្យប្រទេសបែកបាក់សាមគ្គីគ្នាទេ គឺចង់ឱ្យប្រទេសមានសុខសន្តិភាព។
-សម្ដេចធិបតី ប្រកាសផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូច ដែលកំពុងរស់នៅក្រៅប្រទេស ហើយតែងតែធ្វើការញុះញង់ពលរដ្ឋឲ្យប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈធ្វើបាតុកម្មនោះ សម្តេចធិបតី ថ្លែងបញ្ជាក់ថា ច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានា បាននូវសេចក្តីសុខ សន្តិភាព ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋផងដែរ ដូច្នេះបុគ្គលណាដែលមានចេតនា ចង់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះ ច្បាប់ក៏នឹងចាត់វិធានការដោយគ្មានការលើកលែងផងដែរ។
-សម្ដេចធិបតី ថ្លែងចោទសួរថា នេះឬជាបាតុកម្មអហិង្សា ឬយ៉ាងម៉េច? គេសង្កេតឃើញពួកក្រុមជ្រុលនិយមប្រមូលគ្នា មកភ្នំពេញដោយមានភស្តុតាងច្បាស់លាស់ មាន ដបសាំង ចំពាមកៅស៊ូគ្រាប់ដែក ប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ ។ ការធ្វើបាតុកម្មអហិង្សា គឺគេប្រើក្រដាសបដាផ្សេងៗ ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយនូវរឿងបញ្ហាប្រឈមផ្សេងៗ។
-សម្តេចធិបតី ថ្លែងថា ការអនុវត្តច្បាប់ គឺដើម្បីធានានូវសិទ្ធិ របស់ប្រជាពលរដ្ឋមួយចំនួនក្នុងការបញ្ចេញមតិ តែមិនឲ្យជ្រុលហួសទៅប៉ះពាល់ទៅដល់សិទ្ធសង្គម និងប្រជាពលរដ្ឋ តាមរយៈការធ្វើសកម្មភាពលើសព្រំដែនច្បាប់ ដូចជា គ្រោងធ្វើបាតុកម្មហិង្សា រៀបចំ សម្ភារ ឬប្រមូលមនុស្ស ដើម្បីវាយប្រហារ និងប្រឆាំងរាជរដ្ឋាភិបាលនោះ ច្បាប់នឹងមិនបណ្តោយឲ្យធ្វើបានទៅងាយស្រួលនោះទេ។
-សម្តេចធិបតី ថ្លែងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដែលចង់បះបោះ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈ ការញុះញង់ពីជនអគតិខាងក្រៅ គឺមានចំនួន៦៦នាក់ ក្នុងនោះ ធ្វើការដោះលែងវិញចំនួន៥៧នាក់ ដោយសារពួកគេមកតាមគេតាមឯង ដោយមិនដឹងរឿង ខណៈ៩នាក់ទៀត ដែលជាមេខ្លោង កំពុងកសាងនីតិវិធីបញ្ជូនទៅតុលាការ។
-សម្ដេចធិបតី បានស្នើឱ្យអង្គការសិទ្ធិមនុស្សពិនិត្យមើលឲ្យច្បាស់ពីអង្គហេតុអង្គច្បាប់ នៃព្រឹត្តិការណ៍ថ្ងៃ១៨សីហា ក្រុមជ្រុលនិយមមកធ្វើបាតុកម្មមានទាំងដបសាំង ចំពាមកៅស៊ូគ្រាប់ដែក និងមានជជែកគ្នាប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ មុននឹងធ្វើរបាយការណ៍ និងការបញ្ចេញមតិ។ នៅពេលរាជរដ្ឋាភិបាលអនុវត្តច្បាប់ ដើម្បីការពារសិទ្ធសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពសុវត្ថិភាពជូនសង្គមជាតិ បែរជាថា រដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សទៅវិញ។នៅប្រទេសអង់គ្លេសក៏គេអនុវត្តច្បាប់ ចំពោះអ្នកធ្វើបាតុកម្មខុសច្បាប់នោះដែរ រហូតមកដល់ពេលនេះ មានការចាប់មនុស្សជាង១០០០ នាក់ ដែលធ្វើសកម្មភាពញុះញង់ផ្សេងៗ ខុសច្បាប់ នៅក្នុងប្រទេសអង់គ្លេស។
-សម្តេចធិបតី ប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋខ្លាចបាត់ដីបួនខេត្ត នៅក្នុងតំបន់ភូមិភាគ ឦសាន (ខេត្តទាំងបួន ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម)នោះ រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ឲ្យបានរួចរាល់ ជាស្ថាពរនាពេលឆាប់ៗ ខាងមុខនេះផងដែរ។
-សម្តេចធិបតី ថ្លែងថា រហូតដល់ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់ហើយដែលបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈមូលនិធិនេះ មិនទាន់ត្រូវបានបិទនោះទេ ហើយសម្តេច ក៏បានប្រកាសថ្លែងអំណរអរគុណ ដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដែលបានចូលរួមនូវមូលនិធិនេះផងដែរ។
-សម្ដេចធិបតី ថ្លែងថា គិតដល់ពេលនេះ មានប្រជាពលរដ្ឋជាង ១ពាន់នាក់ហើយ ដែលបានចុះឈ្មោះតាមប្រព័ន្ធអនឡាញសម្រាប់ដំណើរកម្សាន្តទៅកាន់ខេត្តភូមិភាគឦសាន ដោយឥតគិតថ្លៃ រៀបចំឡើងដោយរាជរដ្ឋាភិបាល។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ថវិកាដើម្បីចំណាយដំណើរកម្សាន្តនេះ ជាថវិកាផ្ទាល់របស់សម្ដេច រួមទាំងសប្បុរសជន ពោលគឺមិនប៉ះពាល់ថវិកាជាតិ ឬថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឡើយ។
-ឆ្លើយតបទៅកាន់ការស្នើសុំរបស់តារាចម្រៀង សាពូន មីដាដា ដែលស្នើដីនៅតំបន់ព្រំដែន ត្រូវបានសម្ដេចធិបតី ប្រកាសបដិសេធ ព្រោះការផ្ដល់ដីសម្បទានេះសម្រាប់តែប្រគល់ឱ្យពលរដ្ឋដែលអត់ដីពិតប្រាកដប៉ុណ្ណោះ។
-សម្ដេចធិបតី ថ្លែងថា ការកំណត់ព្រំដែនរវាងកម្ពុជាជាមួយនឹងប្រទេសជិតខាង ត្រូវប្រើផែនទីបោន ខ្នាត មួយលើមួយរយពាន់ ដែលមានចំនួន១៨ផ្ទាំង ហើយបានទទួលបានស្គាល់ជាអន្តរជាតិ និងតម្កល់នៅអង្គការសហប្រជាជាតិ៕
ដោយ៖ តារា