ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃ តបតាមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

ទស្សនកិច្ចការងារនេះ មានការអញ្ជើញចូលរួមពីលោកស្រីជាអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃមួយចំនួនទៀត រួមមាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ប្រធានក្រុមប្រឹក្សានីតិកម្មអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត។

ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃ កម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ ចិន ។

នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ២០២៣ ជាមួយលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន៕

ដោយ ៖ សិលា


ចែករំលែក៖