អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងថ្លែងសុន្ទរកថាគន្លឹះនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីឈានចូលយុគសម័យថ្មីមក បងប្អូនជនជាតិអាហ្រ្វិក និងចិនបានចាប់ដៃគ្នាឆ្ពោះ ទៅមុខដោយផ្អែកលើទស្សនៈស្មោះត្រង់និងជិតស្និទ្ធ។ យើងតែងតែមានការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក ដោយបង្កើតជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិបែបថ្មី។ នេះបើយោងតាមការផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
គេហទំព័រ «CCFR China state-controlled media » បន្ត ៖ លោក Xi Jinping បានថ្លែងបន្តថា តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជិត ៧០ ឆ្នាំ បច្ចុប្បន្ន ទំនាក់ទំនងចិន-អាហ្រ្វិកស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ សម្លឹងមើលទៅអនាគត ខ្ញុំស្នើឱ្យលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងចិនជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ដែលមានទំនាក់ទំនងការទូតជាមួយចិនឱ្យដល់ទំនាក់ទំនងជាយុទ្ធសាស្ត្រ ហើយលើកកម្ពស់ឋានៈទីតាំងរួមនៃទំនាក់ទំនងចិន-អាហ្រ្វិកឱ្យទៅជាសហគមន៍ជោគវាសនារួមរវាងចិននិងអាហ្រ្វិកក្នុងគ្រប់កាលាៈទេសៈក្នុងយុគសម័យថ្មី! ៕
ដោយ ៖ សិលា