ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការ សម្រេចបើកការស៊ើបសួរ លើជនជាតិចិនពាក់ព័ន្ធករណី បើករថយន្តបុក រួចបាញ់រះបណ្តាលឲ្យស្លាប់មន្ត្រីនគរបាលម្នាក់ និងជនជាតិចិនម្នាក់របួសធ្ងន់ នៅខណ្ឌដង្កោ ពីបទ ឃាតកម្មគិតទុកជាមុន, ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
សូមរំលឹកថា ខ្មាន់កាំភ្លើង១ក្រុម សង្ស័យស៊ីឈ្នួសសម្លាប់មនុស្ស តាមរូបភាពបើករថយន្តបំបុកហើយបាញ់រះបណ្តាលឲ្យស្លាប់មន្ត្រីនគរបាលម្នាក់ និងជនជាតិចិនរបួសធ្ងន់ម្នាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជសង្ស័យទៅដល់តុលាការ បន្ទាប់ពីនគរបាលបញ្ចប់កិច្ចសហការ ស្រាវជ្រាវ លើករណីខាងលើនេះដោយគ្រប់ ជ្រុងជ្រោយ ។ សំណុំរឿងនោះត្រូវបានគេដឹងថា មានជនសង្ស័យជាជនជាតិចិនចំនួន៣ នាក់ ជាប់សង្ស័យពីបទ.ឃាតកម្មគិតទុក ជាមុន និងបង្ខាំងមនុស្សដោយខុសច្បាប់ ដែលកំពុងស្ថិតនៅលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ ។
សូមបញ្ជាក់ថា ៖ ក្រោមកិច្ចសហប្រតិបត្តិការកាលពីថ្ងៃទី២៨ ខែ សី ហា ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះ វិហារ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ស្រុកឆែប បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាសង្ស័យ ពាក់ពន្ធករណីឃាតកម្មចំនួន២ នាក់ ដែលសុទ្ធតែជនជាតិចិន ក្នុងនោះមានម្នាក់ឈ្មោះ ZHAO WENXING ភេទប្រុស អាយុ ៤០ ឆ្នាំ និងម្នាក់ឈ្មោះ SHI WEIHUA ភេទប្រុស អាយុ៣៨ ឆ្នាំ ស្ថិតនៅចំណុចអូរឈើទាល ក្នុងភូមិសាស្រ្តភូមិកំពង់ស្រឡៅ ឃុំកំពង់ ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ ពេលចាប់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ឲ្យទៅនាកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី ទើបស្រាវជ្រាវឃាត់ខ្លួនបក្ខម្នាក់ទៀត ។ វត្ថុតាង និងសម្ភារៈចាប់យករួមមាន ៖ រថយន្ត១ គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ-៦១១០ ស្លាកលេខចំនួន២ (ភំ្នពេញ ២BL-៦៧៣៣) ទូរស័ព្ទដៃ១ គ្រឿង បង់អាវុធ ២ គ្រាប់អាវុធ ១ និង វត្ថុតាងពាក់ព័ន្ធជនសង្ស័យមួយចំនួនទៀត។
បច្ចុប្បន្ន ជនត្រូវចោទ ដែលជាជនជាតិចិនទាំង២នាក់ ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត អាចត្រូវបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននាល្ងាចនេះ៕
ដោយ ៖ រ៉ារ៉ា