ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានគណៈប្រតិភូកងទ័ពមីយ៉ាន់ម៉ា

ចែករំលែក៖

ទីក្រុងវៀងច័ន្ទ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូកងទ័ពមីយ៉ាន់ម៉ា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ស៊ូ មីនអូ អគ្គសេនាធិការរង នៃកងទ័ពមីយ៉ាន់ម៉ា នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ 

នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ស៊ូ មីនអូ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ជូនចំពោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនិងបានរម្លឹកអំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

ឧត្តមសេនីយ៍ឯក ស៊ូ មីនអូ បានថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកដ៏មានតម្លៃដល់មីយ៉ាន់ម៉ា ព្រមទាំងបានបង្ហាញពីការបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន។

ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពមីយ៉ាន់ម៉ា ដែលបានមកចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ នៅទីក្រុងភ្នំពេញ ក្នុងស្ថានភាពជំងឺកូវីដ-១៩កំពុងបន្តមាន ដោយចាត់ទុកវត្តមានរបស់មីយ៉ាន់ម៉ានាពេលនោះ ថាបានរួមចំណែកយ៉ាងធំធេងធ្វើឱ្យកិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយ។

លើការទំនាក់ទំនង ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរគប្បីបន្តការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ច សំដៅប្រឆាំងភេរវកម្ម ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព សកម្មភាពផ្សេងៗ ដែលបម្រើផលប្រយោជន៍រួមរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បន្តថា ក្នុងនាមជាបងប្អូនរួមតំបន់ កម្ពុជានៅតែបន្តប្តេជ្ញាធ្វើការរក្សាសាមគ្គីភាព “អាស៊ាន១០ ហើយអាចក្លាយទៅជាអាស៊ាន១១” នាពេលខាងមុខ រួមចំណែកក្នុងការកសាងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៃប្រជាជាតិអាស៊ីអាគ្នេយ៍ជានិរន្ត៕

ដោយ ៖ សិលា


ចែករំលែក៖