ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ សុដានី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរទាំងអស់គ្នាពេលដែលមានបញ្ហា ទឹកភ្លៀងលិច ស្ទះលូ កុំបន្ទោសតែអាជ្ញាធរមូលដ្ឋាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្ត តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួម សហការជាមួយអាជ្ញាធរទាំងអស់គ្នា ពេលដែលមានបញ្ហា ដូចជាភ្លៀងខ្លាំងម្ដងៗបណ្ដាលឱ្យលិចផ្លូវ និងស្ទះលូ កុំបន្ទោសតែអាជ្ញាធរក្នុងមូលដ្ឋានរបស់ខ្លួន។

ការអំពាវនាវបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីលោកចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុងស្វាយរៀង ដោយមានការចូលរួមពីសំណាក់លោក ណុប ចំរើន អភិបាលក្រុង មន្ត្រីមន្ទីរសាធារណការខេត្ត ក្រុមការងារក្រុងស្វាយរៀង លោកស្រីចៅសង្កាត់ស្វាយរៀងនិងអាជ្ញាធរដែលពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងបានបន្តថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង លោកបានចាត់អោយរូបលោកដឹកនាំក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រុមការងារក្រុងស្វាយរៀង ក្រុមការងារសង្កាត់ស្វាយរៀង ចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុងស្វាយរៀង។

លោកអភិបាលរងខេត្តបន្តថា ដោយចុះពិនិត្យផ្ទាល់អំពីស្ថានភាពលូបង្ហូរទឹកនៅអមសងខាងផ្លូវនានាក្នុងក្រុងស្វាយរៀងនាពេលនេះឃើញថា មានបងប្អូនមួយចំនួនបានចូលរួមថែរក្សាមាត់លូបានល្អមិនមានចាក់លុបបិទឫមានសំរាមកកស្ទះឡើយ ប៉ុន្តែមានបងប្អូនមួយចំនួនធំបានចាក់សាបបេតុងលុបមាត់លូដោយដាក់បំពង់ជ័រតូចៗខុសពីស្ថានភាពដើមដែលក្រុមការងារបច្ចេកទេសបានកសាង ធ្វើអោយមានការកកស្ទះមិនអាចអោយទឹកហូរចូលលូបង្ហូរទឹកធំបាន ទាំងនេះហើយដែលជាកក្តានាំអោយមានការជន់លិចដោយសារទឹកភ្លៀងរយៈពេលយូរដែលធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន។ 

លោកបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនដែលបានធ្វើសំណង់ផ្សេងៗដែលនាំអោយរាំងស្ទះដល់មាត់លូបង្ហូរទឹក សូមមេត្តាចូលរួមជាមួយក្រុមការងាររុះរើអោយបានគ្រប់ៗគ្នាមុនពេលដែលក្រុមការងារយើងខ្ញុំចុះអនុវត្តវិធានការរដ្ឋបាល ដោយសូមចាប់ផ្តើមពីខ្លួនយើងដើម្បីជាគំរូល្អ ចូលរួមអភិវឌ្ឍន៍ខេត្តយើងអោយមានមុខមាត់កាន់តែល្អស្រស់បំព្រងបន្ថែមទៀត៕

ដោយ៖ សុថាន


ចែករំលែក៖