ព័ត៌មានទាន់ហេតុការណ៍៖

កូនឈើចម្រុះចំនួន៦ ២៩០ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជន

ចែករំលែក៖

ខេត្តសៀមរាប៖ កូនឈើសរុបចំនួន ៦ ២៩០ ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា បន្តចែកចាយដល់សាធារណជនពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ដើមឈើទាំងនោះរួមមាន៖ 

– ប្រគេនកូនឈើចម្រុះជូនព្រះអង្គ ស៊ិន សែត ចំនួន២៥០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីធ្លាវត្តព្រៃធុតង្គព្រះនិព្វាន ស្ថិតនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ដើមយាង ឬឈើទាល១០០ដើម គគីរ១០ដើម កកោះ១០ដើម ពពេល១០ដើម ផ្តៀក១០ដើម ត្រាច១០ដើម អង្កាញ់១០ដើម ត្រយឹង១០ដើម ធ្នង់២០ដើម គ្រញូង២០ដើម បេង២០ដើម និងច្រេស២០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ពិក អេង មេឃុំក្លាំងហាយ ចំនួន២ ៨០០ដើម ដើម្បីយកទៅដាំស្តារព្រៃឈើឡើងវិញក្នុងបរិវេណព្រៃសហគមន៍ និងដាំតាមដងផ្លូវជុំវិញត្រពាំងសហគមន៍ និងតាមផ្លូវក្នុងភូមិសាស្ត្រឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៥០០ដើម ធ្នង់៥០០ដើម ច្រេស៥០០ដើម កកោះ២០០ដើម គគីរ៣០០ដើម ផ្តៀក៣០០ដើម និងដើមយាង៥០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក អឿម រដ្ឋា និងលោក ជា រ៉ាវី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៣០ដើម បេង៨០ដើម ធ្នង់១៨០ដើម គគីរ១០០ដើម និងរំដួល១១០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ថា ច័ន្ទថន និងអ្នកស្រី ជា វុធហេង ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៤០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅសង្កាត់ក្របីរៀល និងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១៤ដើម បេង៩ដើម ធ្នង់៩ដើម កកោះ៤ដើម និងរំដួល៤ដើម។ 

– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី ពុយ សាវ៉ៃ និងលោក ឈឹម លីវៃ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣៣០ដើម ដើម្បីយកទៅដាំនៅលើដីផ្ទាល់ខ្លួន ស្ថិតនៅសង្កាត់ទឹកវិល និងសង្កាត់សាលកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៩០ដើម គគីរ៩៥ដើម ស្តៅ៥០ដើម ព្កុល២០ដើម ក្ងោកតូច១០ដើម និងរំដួល៦៥ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ផាង រ៉ូកា និងលោក ម៉េង ប៉ូគាង ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ៤៦០ ដើម ដើម្បីយកទៅដាំនៅលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិភ្លង់គោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ និងភូមិអន្លង់ពីរ ឃុំអន្លង់ពីរ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម បេង៨០ដើម គគីរ៨០ដើម ស្តៅ២០ដើម ព្កុល៣០ដើម ក្ងោក១០ដើម ចាមរី៥០ដើម និងរំដួល១៤០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន១,៣១០ដើម ដើម្បីយកទៅដាំបន្ថែមនៅបរិវេណខាងជើងមុខនាគប្រាសាទអង្គរវត្ត សួនរុក្ខជាតិអង្គរ និងខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១៥០ដើម ច្រេស១០០ដើម រំដួល៥០០ដើម ព្កុល១៥០ដើម ស្រឡេវ៣០ដើម ឥន្ទនេល៥០ដើម ចារ៥០ដើម អូញម៉ូញ៣០ដើម កណ្តក់១០០ដើម ស្តៅ១០០ដើម និងក្ងោក៥០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមការងារប្រវត្តិសាស្រ្តយោធានៃយោធភូមិភាគទី៤ ចំនួន៦០០ដើម ដើម្បីយកទៅដាំនៅបរិវេណសារមន្ទីរប្រវត្តិសាស្ត្រយោធាយោធភូមិភាគទី៤ និងដាំនៅតំបន់មរតកប្រវត្តិសាស្រ្ត តេជោភ្នំស្រួច ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គគីរ២០០ ដើម កកោះ២០០ដើម និងបេង២០០ដើម៕

ដោយ៖ សូរិយា


ចែករំលែក៖