ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នៅព្រឹក ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញបន្តចុះសំណេះសំណាលនិងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងលោក សុខារ៉ាម អភិបាលរង តំណាងលោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។  

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងអនុប្រធានមន្ទីរលោកលោកស្រី មន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងជាច្រើននាក់ផងដែរ។

លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះ ក្នុងគោលបំណងដើម្បីស្វែងយល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការ នៃមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង ដែលបានអនុវត្តកន្លងមក ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក រដ្ឋមន្ត្រី ក៏បានលើកឡើងបន្តទៀតថា មន្ទីរធម្មការនិងសាសនា ដែលជាសេនាធិការរបស់ក្រសួងធម្មការនិងសាសនា ដូចនេះចំបាច់ពង្រឹងនូវសមត្ថភាពរបស់មន្រ្តីក្រោមឱវាទក្នុងការរៀបចំគ្រប់គ្រងសាសនាទាំងអស់ ធ្វើយ៉ាងណាមានសុខដុមភាពសាសនាដែលមានស្រាប់។

ជាពិសេសការខិតជិតមកដល់ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំសម្រាប់អ្នកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ដ្ឋដូចនេះមន្ទីរធម្មការនិងសាសនាខេត្ត ត្រូវសហការជាមួយព្រះសង្ឃ គណៈកម្មការវត្ត អាចារ្យ អាជ្ញាធរមូលដ្ឋានរៀបចំទីអារាមឱ្យបានល្អប្រសើរដោយប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ ប្រពៃណីរបស់ខ្មែរយើង។

លោក រដ្ឋមន្ត្រីបានលើកឡើង ពីគុណតម្លៃ នៃព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមការគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំបន្តស្នាដៃនេះ និងផលប្រយោជន៍ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។

ព្រមទាំងជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបានអំពាវនាវដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋនិមន្តនិងអញ្ជើញ ទៅលេងកំសាន្តនិងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងខេត្តទាំងបួន៕

ដោយ៖ សុថាន


ចែករំលែក៖