ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខដេញស្ទាក់រថយន្តគេចគោលដៅត្រួតពិនិត្យជាតិ អាល់កុលជ្រុលទៅបុកយុវជនម្នាក់រងរបួស(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសុីរ៉ែនប្រដេញ ស្ទាក់រថយន្តរត់គេចគោលដៅត្រួតពិនិត្យជាតិអាល់កុល ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ 

ហេតុការណ៍េនេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានសមត្ថកិច្ចបានដាក់គោលដៅ ពិនិត្យជាតិអាល់កុលនិងអាវុធជាតិផ្ទុះនៅចំណុចមុខផ្សារទំនើប Super Store តាមបណ្តោយផ្លូវទ្រុងមាន់ ។ ខណៈនោះស្រាប់តែមានបុរសម្នាក់បើករថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-7721 បើកបរក្នុងល្បឿនលឿនគេចគោលដៅត្រួតពិនិត្យ ។

ភ្លាមៗ សមត្ថកិច្ចបានបើករថយន្តប្រដេញរថយន្តខាងលើ ដោយរថយន្តហាយឡេនឌ័រ បើករត់ទៅតាមផ្លូវ ២០០២ ដើម្បីគេចខ្លួន ស្របពេលនោះ រថយន្តសមត្ថកិច្ចដែលកំពុងប្រដេញបានជ្រុលទៅបុកម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1IJ-9121 បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ។ លុះដេញរហូតមកដល់ចំណុចភ្លើងស្តុបអូរបែកក្អម រថយន្តហាយឡេនឌ័របម្រុងព្យាយាមបើករត់គេចទៀត សមត្ថកិច្ចដែលបើករថយន្តសុីរ៉ែន បានសម្រេចចិត្តកៀរឱ្យរថយន្តខាងលើឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវតែម្តង ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនបុរសជាអ្នកបើករថយន្តយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖