ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីការឈ្លក់ទឹកដោះរបស់ទារក!

ចែករំលែក៖

ភ្នំពេញ ៖ ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។

១) អ្វីទៅជាការឈ្លក់ទឹកដោះ?

ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កអោយមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។

២) កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់?

ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖

   – ទារកដែលកើតមិនគ្រប់ខែ ឬទំងន់មិនគ្រប់

   – ទារកដែលមានបញ្ហាបេះដូង

   – ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ ឬក្រអូមមាត់

   – ទារកដែលក្អែរញឹកញាប់

   – ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកអោយបៅ ឬការបំបៅមិនបានត្រឹមត្រូវ

៣) តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ?

   – អាចបង្កអោយមានរលាកផ្លូវដង្ហើម ឬរលាកសាច់សួតពីស្រាលដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន

   – ទារកអាចមានបញ្ហាកង្វះជាតិទឹក ឬអាហារូបត្ថម្ភ

   – ទារកអាចនឹងមិនសូវឡើងទំងន់

៤) តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ?

ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។

រោគសញ្ញាអាចមាន៖

   – លែងចង់បៅ ឬងាកចេញ

   – ប្តូរពណ៌សំបុរពីក្រហម ទៅជាស្វាយ ឬខ្មៅ

   – ពិបាកដកដង្ហើម ដង្ហក់ ឬឈប់ដកដង្ហើម

   – ក្អក ពេលកំពុងបៅ ឬក្រោយបៅ

   – ក្រៅពីនេះអាចមានជារលាកសួតរ៉ាំរ៉ៃ ឬញឹកញាប់

៥) តើធ្វើដូចម្តេចកុំអោយទារកឈ្លក់ទឹកដោះ?

ការឈ្លក់ដែលប្រឈមនឹងគ្រោះថ្នាក់ គឺភាគច្រើនដោយការបំបៅទឹកដោះគោ។ 

    – ត្រូវបំបៅទារកដោយដាក់មាត់ទារកអោយស៊ប់នឹងក្បាលដោះ។ 

    – រៀបចំស្ថានភាពទារកអោយបានត្រឹមត្រូវដោយ លើកទារកបញ្ឆិតអោយបានប្រហែល ៣០ដឺក្រេពីផ្ទៃរាប រាល់ពេលបំបៅ។

    – ក្រោយពេលបំបៅលើកទារកផ្អោបលើខ្លួន និងស្មា ដោយអង្អែលខ្នងតិចៗអោយបានយ៉ាងតិច៣០ទៅ៦០នាទី មុននឹងដាក់អោយទារកគេងលើផ្ទៃរាបស្មើវិញ។

   – ប្រសិនបើទារកក្អែរញឹកញាប់ សូមព្យាយាមបំបៅទារកតិចៗ តែញយដង។

សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ប្រសិនបើកូនលោកអ្នកនៅតែមានអាការៈឈ្លក់ញឹកញាប់។ សូមចងចាំថា“ទឹកដោះម្តាយគឺជាជំរើសអាហារដ៏មានសុវត្ថិភាពតែមួយគត់ចំពោះទារកដែលទើបនឹងកើត”៕

ដោយ ៖ សិលា


ចែករំលែក៖