ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលយុវជន ក្រោមប្រធានបទ « ជំរុញអានុភាពអនាគតសហគ្រិន-Empowering Tomorrow’s Entrepreneurs »ដែលរៀបចំឡើងដោយនាយកដ្ឋាន ហិរញ្ញវត្ថុ ផ្គត់ផ្គង់និងជំរុញសហគ្រិនភាព នៃគណៈកម្មាធិការកណ្ដាលស.ស.យ.ក.នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងនិស្សិត ដែលមកពីបណ្ដាសាកលវិទ្យល័យប្រមាណ ៤០០នាក់ ផងដែរ។
ជាកិច្ចចាប់ផ្តើម លោកស្រី ចម និម្មល បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនោះ។
ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយឲ្យយុវជនសម្រេចបាននូវសក្កានុពលដោយពេញទៅដោយវប្បធម៌ចែករំលែក ការកែលម្អ ការតស៊ូ និងការអត់ធ្មត់នៅក្នុងជីវិត និងការងារ ស្របតាមគោលនយោបាយជាតិក្នុងការអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនតាមវិស័យសំខាន់ៗក្នុងឱកាសឈានទៅរកភាពជោគជ័យក្នុងអាជីវកម្មលើគ្រប់វិស័យ។
នាឱកាសនៃពិអីបើកវគ្គបណ្តុះបណ្តាលនេះ លោក ហ៊ុន ម៉ានី បានធ្វើកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលយុវជន ក្រោមប្រធានបទ « ជំរុញអានុភាពអនាគតសហគ្រិន-Empowering Tomorrow’s Entrepreneurs » នេះឡើង។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងស្របពេលដែលសហភាពសហព័ន្ធយុវជនកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មនិងទិសដៅការងារឆ្នាំ២០២៤ស្របតាមយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ២០២៣-២០២៨ដែលមានយុទ្ធសាស្រ្តទី៤ផ្តោតលើការចូលរួមអភិវឌ្ឍធនធានមនុស្សដើម្បីកសាងកម្ពុជាឲ្យក្លាយជាប្រទេសរីកចម្រើន។
លោកបានបន្តថា អស់រយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមគ្រួសារស.ស.យ.ក.បានរួមដៃគ្នាសហការនិង សាមគ្គីគ្នាមួយគ្នាបានរៀបចំ និងបង្កើតព្រឹត្តិការណ៍ កម្មវិធី យុទ្ធនាការជាច្រើន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកដំកើនវប្បធម៌ ប្រវត្តិសាស្ត្រ ការចូលរួមក្នុងការងារសង្គមការងារស័្មគ្រចិត្តនានា ជាពិសេសេការលើកកម្ពស់វិស័យអប់រំ ក្នុងគោលបំណងបណ្តុះ និងអភិវឌ្ឍសមត្ថភាព ចំណេះដឹង ជំនាញ បំណិនជីវិត និងសីលធម៌ដល់យុវជន ឲ្យក្លាយទៅជាមូលធនមនុស្សដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន៕
ដោយ ៖ សិលា