ខេត្តពោធិ៍សាត់ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរបានចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបករណីដឹកជញ្ជូនលៀសនារដូវបិទនេសាទ ដើម្បីបញ្ជូនឱ្យមន្រ្តីជំនាញអនុវត្តបន្ត ។
ប្រតិបត្តិការខាងលើធ្វើឡើងនាយប់ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ត្រង់ចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកក្រគរបានឱ្យដឹងថា លទ្ធផលបង្រ្កាបបានកាណូតមានផ្ទុកលៀសច្រកការុងចំនួន០២គ្រឿង និងរថយន្តចំនួន០២គ្រឿងផងដែរ ។
ប្រភពបញ្ជាក់ទៀតថា បច្ចុប្បន្នវត្ថុតាង រថយន្តដឹកជញ្ជូនលៀសត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី។ ចំណែកកាណូតមានផ្ទុកលៀស រក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលជលផលក្រគរ ។
ប្រភពព័ត៌មានផ្សេងមួយបង្ហើបថា ករណីដឹកជញ្ជូនលៀសខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរបង្រ្កាបនេះ ម្ចាស់ត្រូវបានគេស្គាល់ឈ្មោះ ចែវណ្ណី និងប្រពន្ធតា ម៉ុង ។
ពាក់ព័ន្ធករណីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរបង្រ្កាបករណីដឹកជញ្ជូនលៀសខុសច្បាប់ខាងលើ លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានបញ្ជាក់បន្ថែមតាមប្រព័ន្ធបច្ចេកវិទ្យា(តេឡេក្រាម)នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ក្រុមការងារកំពុងរៀបចំចាក់លែងលៀសចូលទឹកវិញ និងបន្តនីតិវិធីទៀត ៕
ដោយ៖ ប៉ឹម ពិន