ព័ត៌មានទាន់ហេតុការណ៍៖

រូបសំណាកគ្រួសារដំរីត្រូវបានរដ្ឋបាលខេត្តរៀបចំលើកដាក់នៅទីតាំងខាងត្បូងរមណីដ្ឋានបឹងកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរ

ចែករំលែក៖

ខេត្តរតនគិរី៖រូបសំណាកសត្វដំដីចំនួន៣ រួមមាន ដំរីឈ្មោលមួយ ដំរីញីមួយនិងកូនដំរីមួយត្រូវបាន រដ្ឋបាលខេត្តរតនគិរីបានរៀបចំលើកដាក់នៅទីតាំងខាងត្បូងមាត់បឹងកន្សែងដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។

ការរៀបចំលើករូបសំណាក់ដាក់គ្រួសារដំរីនេះធ្វើឡើង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ជាអភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។

សូមបញ្ជាក់ថា នៅសម័យបុរាណដំរីត្រូវបានបង្វឹកឱ្យធ្វើសង្គ្រាម ព្រោះវាមានកម្លាំងខ្លាំងដែលអាចកំចាត់ឧបសគ្គនានាងាយស្រួលជាងសត្វផ្សេង។ហេតុនេះបើមានតាំងរូប ដំរី នោះជានិមិត្តសញ្ញាតំណាងឱ្យសន្តិភាព។គេជឿថាតាំងដំរីនៅក្នុងផ្ទះ អាចហៅសំណាងល្អ និងផ្ដល់ភាពត្រជាក់ត្រជុំចូលគ្រួសារ។ បើតាំងនៅមុខផ្ទះ រឺ ទីសាធារណៈ អាចហៅថាមពលវិជ្ជមាន បង្កើនអំណាចដល់ម្ចាស់។បើតាំងនៅតុធ្វើការអាចការពារសំណាងអាក្រក់ និងបន្ថែមភាពរីកចម្រើននៅក្នុងអាជីព។ រូបបដិមាដំរីទាំងអស់មិនថាធំឬតូច សុទ្ធតែជានិមិត្តរូបនៃការការពារ សំណាងល្អ និងប្រាជ្ញាឈ្លាសវៃ។

សូមរលឹកថា រមណីដ្ឋានបឹងកន្សែងស្ថិតនៅចំកណ្ដាលបេះដូងនៃក្រុងបាលុងខេត្តរតនគិរី បានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រងប្រកបដោយភាពទាក់ទាញ បន្ទាប់ពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីដ្ឋានបឹងដ៏ស្រស់ស្អាតនេះឡើងវិញរួមមាន៖ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹង រៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាកគ្រួសារដំរី រូបសំណាកសត្វអកញីឈ្មោលមួយគូ ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេងមាស (អកបឹងកន្សែង) ការៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេងជិះលេងតាមមាត់បឹង ការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។

និយាយរួមបច្ចុប្បន្ននេះ បឹងកន្សែងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ទាំងថ្ងៃធម្មតា ថ្ងៃចុងសប្តាហ៍ និងមានថ្ងៃពិធីបុណ្យទានជាដើម៕

ដោយ ជីវ័ន្ត


ចែករំលែក៖