ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងកសិកម្មជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយកប្រតិបត្តិ សម្រាប់បរិស្ថាន ធនធានធម្មជាតិ និងសេដ្ឋកិច្ចបៃតងសម្រាប់អាស៊ីបូព៌ា​ និងប៉ាស៊ីហ្វិក និងក្រុមការងារធនាគារពិភពលោក (World Bank)

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤លោមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយលោក Africa Olojoba នាយកប្រតិបត្តិ សម្រាប់បរិស្ថាន ធនធានធម្មជាតិ និងសេដ្ឋកិច្ចបៃតងសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងក្រុមការងារធនាគារពិភពលោក (World Bank) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះក្រុមការងារធនាគារ ពិភពលោក ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យជលផល​ ដោយមានបំណង់ចង់លើកកម្ពស់ការងារវារីវប្បកម្មកម្ពុជា។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុម ការងារគម្រោងធ្វើការសិក្សាដោយផ្តោតលើការអភិវឌ្ឍវារីវប្បកម្មឱ្យមានភាពចំនេញ មានសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ និងមានការវិនិយោគពីវិស័យឯកជន ដើម្បីជួយដល់ការចិញ្ចឹមត្រីក្នុងស្រុក និងសហគមន៍ចិញ្ចឹមត្រី។ លើសពីនេះលោករដ្ឋមន្ត្រី សង្កត់ធ្ងន់ពីសារៈសំខាន់នៃការសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចពូជត្រី ដែលជាតម្រូវការចាំបាច់ និងមានភាពចំនេញក្នុងទីផ្សារ ព្រម ទាំងជំរុញខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការចិញ្ចឹមរហូតដល់ទីផ្សារនាំចេញ។

ទាក់ទងនឹងការងារនេះលោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារគម្រោងសិក្សាលើហេដ្ឋារចនាសម្ព័ន្ធ ដោយពិនិត្យលទ្ធភាពប្រើប្រាស់ថាមពលកកើតឡើងវិញ និងការប្រើប្រាស់ថាមពលសូឡា ដែលអាចជួយកាត់បន្ថយការចំណាយ ទៅតាមសហគមន៍ចិញ្ចឹមត្រី ព្រមទាំងការប្រើប្រាស់ទឹកក្នុងការផ្លាស់ប្តូរផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមការងារពិចារណាក្នុងការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបដល់កសិករ និងសហគមន៍ចិញ្ចឹមត្រី ក្នុងការពង្រឹងអាជីវកម្មរបស់គាត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពរឹងមាំ និងមានលទ្ធភាពសងត្រលប់ទៅវិញ៕

ដោយ៖ សូរិយា


ចែករំលែក៖