ខេត្តកំពង់ស្ពឺ ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំស្រុកឱរ៉ាល់ ឱ្យបន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ព្រមទាំង វិស័យទេសចរណ៍ ជាពិសេសបង្ក្រាបបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង។
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកឱរ៉ាល់ លោក លោកស្រីនាយកនាយករងទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការការស្រុក និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបទៀតសរុបប្រមាណជា១០០នាក់ ពិធីប្រារព្ធនៅសាលប្រជុំសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ លោក អភិបាលខេត្ត បានសង្កត់ធ្ងន់ លើការពង្រឹងសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ភូមិ ឃុំមានសុវត្ថិភាព ដូចជា ការបង្ក្រាបបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិនិត្យជាតិស្រវឹង ក្នុងពេលបើកបរ កុំឱ្យមានល្បែងជល់មាន់ និងក្មេងទំនើង។
លោក អភិបាលខេត្ត បន្ដថា រដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហាទាំងអស់នេះ នៅតាមឃុំ និងកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ និងរាយការណ៍មកគណៈបញ្ជាការឯកភាពស្រុក និងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ជាពិសេសក្នុងស្រុកឱរ៉ាល់នេះ ត្រូវបង្កើតឱ្យមានភូមិសរ បន្តបង្រ្កាប នៅរាល់សកម្មភាពទាំងឡាយណាដែលប្រាសចាកពីច្បាប់ និងបង្កអសន្តិសុខនៅតាមមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តន៍ទៅតាមនិតិវិធីច្បាប់ផងដែរ៕
ដោយ ៖ សិលា