ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺព័ត៌មានចំពោះការផុសរបស់គណនីហ្វេសប៊ុកឈ្មោះ Mom Samet (DJ Hero) ដែលមានខ្លឹមសារថា “លោកប៉ូលីសសែនសុខធ្វើការយប់ជ្រៅគិតប្រពន្ធកូនផង ស៊ីប្រាក់ខែពួកខ្ញុំ កុំថោកពេកប្រយ័ត្នរន្ទះបាញ់ងាប់”

ចែករំលែក៖

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានសេចក្តីបំភ្លឺព័ត៌មានចំពោះការផុសរបស់គណនីហ្វេសប៊ុកឈ្មោះ Mom Samet (DJ Hero) ដែលមានខ្លឹមសារថា “លោកប៉ូលីសសែនសុខធ្វើការយប់ជ្រៅគិតប្រពន្ធកូនផង ស៊ីប្រាក់ខែពួកខ្ញុំ កុំថោកពេកប្រយ័ត្នរន្ទះបាញ់ងាប់” ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា: នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី នៅចំណុចខាងមុខកន្លែងឈៀករថយន្ត បឹងបៃតង លើផ្លូវសម្តេច ជា ស៊ីម ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានរថយន្ត០១គ្រឿង ម៉ាក FORD Raptor ពាក់ផ្លាកលេខ ភ្នំពេញ 2BW-5679 បើកបរដោយឈ្មោះ មុំ សាម៉េត ហៅ DJ HERO ភេទប្រុស អាយុ៤៣ឆ្នាំ បើកបរទិសដៅពីកើតទៅលិច ឆ្លងកាត់គោលដៅអនុវត្ថរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ទើបសមត្ថកិច្ចនៅគោលដៅនោះឃាត់ហៅត្រួតពិនិត្យ ជាលទ្ធផលអ្នកបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L ទើបសមត្ថកិច្ចធ្វើការផាកពិន័យតាមច្បាប់។

សូមបញ្ជាក់ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង គឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖