ភ្នំពេញ៖ ក្នុងរយៈពេល ១០ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានធ្វើការផាកពិន័យលើយានយន្តល្មើសសរុបចំនួន ៣,០៨៥គ្រឿង, រថយន្តធំ ៣៨គ្រឿង, រថយន្តតូច ១,០៤១គ្រឿង និងម៉ូតូ ២,០០៦គ្រឿង តាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក។ ខណៈយានយន្តជិះចូលគោលដៅចំនួន ៤,៥៦៤គ្រឿង, ក្នុងនោះរថយន្តធំ ៦៦គ្រឿង, រថយន្តតូច ១,៧១៦គ្រឿង, ម៉ូតូ ២,៧៨២គ្រឿង ។ នេះបេីយោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
ជាក់ស្ដែងលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស រកឃើញយានយន្តល្មើសចំនួន ៤៦០គ្រឿង ហេីយក៏បានផាកពិន័យទៅតាមអនុក្រឹត្យលេខ៣៩ផងដែរ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ២១៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣០គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ២៥៩គ្រឿង និងម៉ូតូ ៣៦១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៦០គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១៦៥គ្រឿង និងម៉ូតូ ២៩២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ជាមួយគ្នានេះ របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ៖ តារា