ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យអាជ្ញាធរស្រុកស្រីសន្ធរ បន្ដខិតខំថែរក្សាសន្តិសុខ និងពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្នុងឱកាសអញ្ជើញប្រកាសលោក ប៊ិន ឡាដា ចូលកាន់តំណែងជាអភិបាលស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំឱ្យរដ្ឋបាលស្រុកទើបចូលកាន់តំណែង បន្តខិតខំធ្វើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

បន្ទាប់ពីការឡើងប្ដេជ្ញាចិត្តរបស់ លោក ប៊ិន ឡាដា រួចមក លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលស្រុកស្រីសន្ធរ ពង្រឹងការ នូវគោលការណ៍ ៤ចំណុច ដើម្បីអនុវត្តបន្ត ដូចខាងក្រោម ៖

ទី១ ៖ ខិតខំបន្ថថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ពោលគឺ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច ត្រូវធានាឲ្យបានល្អនៅក្នុងភូមិសាស្ត្ររបស់ខ្លួន បន្ថែមពីលើសនេះ ត្រូវមើលផងដែរពាក់ព័ន្ធបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាបទល្មើសគ្រឿងញៀន ត្រូវទប់ស្កាត់ឲ្យបានកុំឱ្យមានបញ្ហានៅក្នុងមូលដ្ឋានរបស់ខ្លួន។ 

ទី២ ៖ ត្រូវជំរុញនូវការផ្ដល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់ឃុំ និងថ្នាក់ស្រុក ត្រូវឱ្យមានមន្ត្រីនៅប្រចាំការ ប្រសិនបើមានការខ្វះចន្លោះ សូមលោកអភិបាលស្រុកទើបតែឡើងកាន់តំណែងថ្មីត្រូវបំពេញបន្ថែមមន្ត្រី ដើម្បីរងចាំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ 

ទី៣ ៖ សូមឱ្យមើលទៅលើឥរិយាបទរបស់មន្ត្រី ដែលកំពុងបម្រើការងារផ្ដល់សេវា ព្រមទាំងមន្ត្រីកំពុងអនុវត្តការងារសន្តិសុខ សេវាអប់រំ សេវាសុខាភិបាល និងសេវាកសិកម្ម ជាដើម។ 

ទី៤ ៖ សូមឱ្យបង្កើននូវការយកចិត្តទុកដាក់ អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដែលកើតមាន នៅទីនេះ ទាំងបញ្ហាដែលនៅសេសសល់ពីអភិបាលស្រុកមុន និងបញ្ហាដែលកើតឡើងថ្មី ។ ចំពោះការអភិវឌ្ឍន៍ត្រូវយកបទពិសោធន៍ដែលធ្លាប់មាន មកបន្តអភិវឌ្ឍន៍នៅក្នុងស្រុកបាធាយនេះ ឱ្យស្រកតាមស្ថានភាពមូលដ្ឋាន ដោយទំនាក់ទំនងចាប់ដៃគូជាមួយ អ្នកវិនិយោគផ្សេងៗ ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ដល់ថ្នាក់ឃុំផងដែរ៕


ដោយ ៖ សិលា


ចែករំលែក៖